(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការពន្យារពេលកិច្ចប្រជុំក្រុមបច្ចេកទេសចម្រុះ ស្តីពីការអនុវត្តបែបបទបច្ចេកទេស (Technical Instruction) សម្រាប់ការបោះបង្គោលបណ្ដោះអាសន្នចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ នោះ មិនមែនបណ្ដាលមកពីភាគីកម្ពុជាឡើយ។
ការពិតទៅ ភាគីកម្ពុជាទើបតែទទួលបានលិខិតបញ្ជូនពីស្ថានទូតថៃប្រចាំកម្ពុជា តាមរយៈសារអេឡិចត្រូនិក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ យោងតាមកិច្ចព្រមព្រៀងកន្លងមក ភាគីថៃត្រូវបញ្ជូនការអនុម័តលើបែបបទបច្ចេកទេស (Technical Instruction) មកឱ្យកម្ពុជាសិន ទើបកម្ពុជាអាចធ្វើកំណត់ទូតឆ្លើយតបទៅវិញបាន។ 
ប៉ុន្តែភាគីថៃមានការយឺតយ៉ាវក្នុងការបញ្ជូនកំណត់ទូតមកកាន់ភាគីកម្ពុជា។ ដូច្នេះ ការចោទប្រកាន់ដែលថាកិច្ចប្រជុំបច្ចេកទេសចម្រុះត្រូវពន្យារពេលមួយថ្ងៃ ដោយសារកម្ពុជា គឺជារឿងមិនត្រឹមត្រូវទេ ពោលគឺភាគីថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកបង្កឱ្យមានការពន្យារពេលនេះ។
កិច្ចប្រជុំបច្ចេកទេសដ៏សំខាន់នេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជំនួសវិញ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
