អំពើហិង្សាមិនរាំងស្ទះ! ហ្គាហ្សារងការវាយប្រហារពីអ៊ីស្រាអែល ខណៈទឹកជំនន់ និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ

អំពើហិង្សាមិនរាំងស្ទះ! ហ្គាហ្សារងការវាយប្រហារពីអ៊ីស្រាអែល ខណៈទឹកជំនន់ និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ

បើទោះបីជាមានការសម្របសម្រួលបទឈប់បាញ់ពីសហរដ្ឋអាមេរិកក្ដី ក៏កងទ័ពអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើតំបន់ Khan Younis ភាគខាងកើតទីក្រុងហ្គាហ្សារួមទាំងតំបន់ Rafah មួយចំនួនទៀត បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣ នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែវិច្ឆិកា។

Image related to Gaza conflict

ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងចំពេលដែលភ្លៀងធ្លាក់យ៉ាងជោគជាំ បានបង្កជាទឹកជំនន់លិចលង់តង់បណ្ដោះអាសន្ន និងទីជម្រកនានាទូទាំងតំបន់ហ្គាហ្សា ដែលធ្វើឱ្យស្ថានការណ៍កាន់តែដុនដាបទៅៗសម្រាប់ប្រជាជនរាប់ពាន់នាក់ដែលបានផ្លាស់ទីលំនៅដោយសារតែភ្លើងសង្គ្រាម។ អ៊ីស្រាអែលក៏នៅតែបន្តវាយកម្ទេចអគារជាច្រើន ខណៈដែលទឹកជំនន់បានវាយប្រហារឆ្លងកាត់ជំរំ និងទីជម្រកប្រជាជនជាច្រើន។

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឱ្យដឹងថា គ្រួសារប្រមាណ ១៣,០០០ គ្រួសារកំពុងប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែអ៊ីស្រាអែលបន្តរារាំងការបញ្ជូនតង់ និងផ្ទះចល័តទៅកាន់តំបន់ហ្គាហ្សា។ ក្រុមជំនួយមនុស្សធម៌ រួមទាំងអង្គការគ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) ក៏បានរាយការណ៍ដែរថា ប្រជាជនជាច្រើនបានបាត់បង់ពូក សម្លៀកបំពាក់ អាហារ និងទីជម្រករបស់ពួកគេ។ លើសពីនេះ អ្នកខ្លះទៀតមានការព្រួយបារម្ភយ៉ាងខ្លាំងថា អគារដែលពួកគេជ្រកកោនអាចនឹងបាក់រលំដោយសារតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។

Image of humanitarian crisis in Gaza

គួររំលឹកផងដែរថា បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សយ៉ាងតិច ២៦៦ នាក់ និងបង្កឱ្យរបួសជាង ៦០០ នាក់។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងថា លោកមិនប្រាកដថាបទឈប់បាញ់នេះនឹងអាចបន្តបានយូរប៉ុណ្ណានោះទេ ហើយថែមទាំងបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការជំទាស់របស់លោកចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន មុនពេលការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

Image of destruction in Gaza

administrator

Related Articles