រន្ធត់! កូនប្រុសប្រើប្រាស់គ្រឿងញៀនដុតផ្ទះម្ដាយខ្លួនឯង ឆាបឆេះរាលដាលផ្ទះប្អូនស្រីអស់២ខ្នង នៅកំពង់ស្ពឺ

រន្ធត់! កូនប្រុសប្រើប្រាស់គ្រឿងញៀនដុតផ្ទះម្ដាយខ្លួនឯង ឆាបឆេះរាលដាលផ្ទះប្អូនស្រីអស់២ខ្នង នៅកំពង់ស្ពឺ

ភ្ញាក់ផ្អើលពេញស្រុក! បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពដ៏សាហាវដុតផ្ទះម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលដល់ផ្ទះប្អូនស្រីបង្កើតដែលនៅជាប់គ្នា អស់ទាំងស្រុងចំនួន២ខ្នង ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យជាបន្ទាន់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃម្សិលមិញ ស្ថិតនៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សយ លីម អាយុ ៣៥ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាមនុស្សញៀនថ្នាំ។ រូបគេរស់នៅជាមួយម្តាយបង្កើតឈ្មោះ ទន់ ណាត អាយុ ៦០ ឆ្នាំ មុខរបរកសិករ។ ផ្ទះដែលរងការខូចខាតមានប្រភេទឈើលើ ថ្មក្រោម ទំហំ ៦x៧ ម៉ែត្រ។ ចំណែកផ្ទះមួយខ្នងទៀតដែលឆេះអស់នោះ គឺជាផ្ទះប្អូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះ សយ និច អាយុ ៣២ ឆ្នាំ មុខរបរកម្មករ ដែលមានទំហំ និងប្រភេទដូចគ្នា។

តាមប្រភពពីអ្នកភូមិបានរៀបរាប់ទាំងការភ្ញាក់ផ្អើលថា ជនសង្ស័យ សយ លីម ពិតជាបានប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ។ នៅពេលកើតហេតុ រូបគេបានបង្កអគ្គិភ័យដុតផ្ទះម្តាយរបស់ខ្លួន បណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះប្អូនស្រីដែលនៅជាប់គ្នា រងការខូចខាតទាំងស្រុងចំនួន ២ ខ្នង រួមទាំងសម្ភារៈ លុយកាក់ និងឯកសារសំខាន់ៗជាច្រើនទៀត ក្លាយជាផេះផង់អស់គ្មានសល់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ជួយបាញ់ពន្លត់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាលដាលបន្ថែម។ ភ្លាមៗនោះ ជនសង្ស័យ សយ លីម ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles