ក្រសួងការងារ បើកពិព័រណ៍ការងារដ៏ធំនៅបាត់ដំបង៖ ឱកាសជាង ១ ម៉ឺនកន្លែងសម្រាប់ពលករត្រឡប់ពីថៃ!

ក្រសួងការងារ បើកពិព័រណ៍ការងារដ៏ធំនៅបាត់ដំបង៖ ឱកាសជាង ១ ម៉ឺនកន្លែងសម្រាប់ពលករត្រឡប់ពីថៃ!

(ខេត្តបាត់ដំបង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ឱកាសការងារដ៏សម្បូរបែបជាង ១ ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងជាពិសេសអតីតពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ នៅឯខេត្តបាត់ដំបង។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ធំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង។ ពិព័រណ៍នេះមិនត្រឹមតែផ្តល់ឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ រដ្ឋបាលខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដោយមានអ្នកចូលរួមប្រមាណ ១៥០០ នាក់។

ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា នេះជាពិព័រណ៍ការងារលើកទី ៥៧៣ ហើយ ដែលក្រសួងបានរៀបចំនៅតាមឃុំស្រុកទូទាំងប្រទេស ដើម្បីផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វេទិកាការងារនៅខេត្តបាត់ដំបងនេះ មានភាពប្លែកជាងរាល់ដង ដោយក្រសួងបានសហការជាមួយអាជ្ញាធរស្រុក ខេត្ត និង ស.ស.យ.ក បានរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ផ្តល់ភេសជ្ជៈ អាហារ អាវយឺត និងសេវាកាត់សក់ជូនទាំងស្ត្រី និងបុរស ក្រៅពីការផ្តល់ឱកាសការងារជាង ១ ម៉ឺនកន្លែង និងព័ត៌មានពីអត្ថប្រយោជន៍ផ្សេងៗដូចជាប័ណ្ណ ប.ស.ស. ជាដើម។

តាមគម្រោង ក្រសួងការងារនឹងបន្តផ្តល់ឱកាសការងារជាង ៧៥ ០០០ កន្លែងបន្ថែមទៀត នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យ តាមរយៈការរៀបចំពិព័រណ៍ការងារ។ ក្នុងនោះ នៅខេត្តបាត់ដំបង ពិព័រណ៍នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅសាលាបឋមសិក្សាថ្មគោល និងនៅទីធ្លាសាធារណៈក្នុងឃុំគារ ស្រុកមោងឬស្សី។ រីឯនៅខេត្តបន្ទាយមានជ័យ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ និងនៅខេត្តសៀមរាប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ដែរថា ចាប់ពីខែកក្កដា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៥ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ បានស្វែងរកការងារធ្វើតាមរយៈក្រសួងការងារបានចំនួន ២៨ ម៉ឺននាក់ ហើយបើបូករួមទាំងការងារក្រៅប្រព័ន្ធទៀត សរុបប្រមាណ ៤០ ទៅ ៤៥ ម៉ឺននាក់ ក្នុងចំណោមអតីតពលករវិលត្រឡប់មកពីថៃជិត ៩០ ម៉ឺននាក់។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វែងរកការងារធ្វើ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles