ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានមហាជនទទួលស្គាល់ថា ជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតែងក្រើនរំលឹកឲ្យបងប្អូនជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងមានជំនឿទុកចិត្តទាំងស្រុងលើការដោះស្រាយបញ្ហាប្រឈមនានារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច។
ទោះបីសម្តេចធិបតី មិនមែនជាអ្នកដែលបញ្ចេញប្រតិកម្មខ្លាំងៗ ឬប្រញាប់ប្រញាល់ក្តី សកម្មភាពមួយជំហានម្តងៗរបស់សម្តេច គឺពោរពេញទៅដោយភាពប៉ិនប្រសប់ គតិបណ្ឌិត និងយុទ្ធសាស្ត្រដោះស្រាយបញ្ហាដោយសន្តិវិធី រហូតសម្រេចបានលទ្ធផលជាក់ស្ដែង និងច្បាស់លាស់។ នេះជាភស្តុតាងបញ្ជាក់ពីភាពជាអ្នកដឹកនាំដ៏ឆ្លាតវៃ និងមានបទពិសោធន៍។
ជាមួយនឹងចំណេះដឹងទូលំទូលាយ ភាពវៃឆ្លាតខ្ពស់ សមត្ថភាពពេញលេញ និងចក្ខុវិស័យវែងឆ្ងាយ សម្ដេចធិបតី តែងគិតគូរជាអាទិភាពអំពីបូរណភាពទឹកដីកម្ពុជាជានិច្ច។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា «ដីរបស់យើងនៅតែជាដីរបស់យើង» ហើយបញ្ហាព្រំដែននឹងត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការការពារទឹកដី និងប្រជាពលរដ្ឋឲ្យបានគង់វង្ស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយល់ដឹងយ៉ាងច្បាស់អំពីផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាម ដែលនឹងបង្កឲ្យមានការបាត់បង់អាយុជីវិតដ៏គួរឲ្យសោកស្ដាយ ទាំងកងទ័ព និងប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន។ ហេតុដូច្នេះហើយ សម្តេចបានជ្រើសរើសដំណោះស្រាយដោយសន្តិវិធី រួមទាំងការប្រើប្រាស់ការទូតប្រកបដោយប្រសិទ្ធភាព និងច្បាប់អន្តរជាតិ ដើម្បីការពារអាយុជីវិតប្រជាជន និងបូរណភាពទឹកដីពីជម្លោះប្រដាប់អាវុធគ្រប់ទម្រង់ ៕
