រន្ធត់! ភ្នំភ្លើង Sakurajima ជប៉ុនផ្ទុះកក្រើក បង្ខំឲ្យជើងហោះហើររាប់សិបជើងត្រូវលុបចោល

រន្ធត់! ភ្នំភ្លើង Sakurajima ជប៉ុនផ្ទុះកក្រើក បង្ខំឲ្យជើងហោះហើររាប់សិបជើងត្រូវលុបចោល

ព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា នេះ ភ្នំភ្លើង Sakurajima ដ៏ល្បីល្បាញលើកោះ Kyushu ភាគនិរតីប្រទេសជប៉ុន បានផ្ទុះឡើងយ៉ាងគំហុក បញ្ចេញផ្សែង និងផេះភ្នំភ្លើងខ្មៅងងឹតសន្ធោសន្ធៅ លយឡើងដល់ទៅ ៤.៤ គីឡូម៉ែត្រលើអាកាស។ ហេតុការណ៍នេះ បានបង្ខំឲ្យជើងហោះហើររាប់សិបជើងត្រូវលុបចោលជាបន្ទាន់តែម្ដង។

ភ្នំភ្លើង Sakurajima ផ្ទុះ

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ការផ្ទុះលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល ១ ទៀបភ្លឺ ជិតរណ្តៅ Minamidake មុននឹងមានការផ្ទុះពីរលើកទៀតនៅម៉ោងប្រហែល ២:៣០ ទៀបភ្លឺ និង ៨:៥០ ព្រឹក។ ផេះភ្នំភ្លើងបានហោះអណ្ដែតទៅទិសឦសាន ប៉ះពាល់ដល់ទីក្រុង Kagoshima ក៏ដូចជាខេត្ត Miyazaki និងតំបន់ Kumamoto មួយចំនួនផងដែរ។

ភ្នំភ្លើង Sakurajima ផ្ទុះ

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ជើងហោះហើរប្រមាណ ៣០ ជើង ចេញចូលអាកាសយានដ្ឋាន Kagoshima ត្រូវបានលុបចោល ដោយសារតែការធ្លាក់ផេះ និងដើម្បីធានាសុវត្ថិភាព។ គួរឲ្យកត់សម្គាល់ គ្មានរបាយការណ៍ណាមួយស្ដីពីការរងរបួស ឬការខូចខាតអគារនោះទេ ប៉ុន្តែថ្មភ្នំភ្លើងទំហំធំៗជាច្រើនត្រូវបានខ្ទាតទៅដល់ស្ថានីយ៍ទី ៥ នៃភ្នំភ្លើង ដែលបង្ហាញពីភាពសាហាវនៃការផ្ទុះ។ ទោះជាយ៉ាងណា មិនមានលំហូរកម្អែលភ្នំភ្លើងដែលគេហៅថា pyroclastic ត្រូវបានគេសង្កេតឃើញក្នុងអំឡុងពេលនោះឡើយ។

សូមជម្រាបថា Sakurajima គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលសកម្មបំផុតនៅប្រទេសជប៉ុន និងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយសារតែវាផ្ទុះឡើងញឹកញាប់។ ភ្នំភ្លើងនេះ ពីដើមឡើយជាកោះមួយ មុននឹងត្រូវភ្ជាប់ទៅនឹងឧបទ្វីប Osumi ក្នុងតំបន់ Kyushu បន្ទាប់ពីមានលំហូរកម្អែលភ្នំភ្លើងដ៏ធំមួយកាលពីឆ្នាំ ១៩១៤។

administrator

Related Articles