បន្ទាយមានជ័យ ៖ ក្រោយពីមានការបែកធ្លាយវីដេអូដ៏រន្ធត់មួយបង្ហាញពីបុរសបរទេសម្នាក់ធ្វើកាយវិការដូចជាត្រូវបានវាយដំ និងធ្វើទារុណកម្ម ហាក់ដូចជាកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ ចេញពីអគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរ និងសមត្ថកិច្ចភ្លាមៗបានដឹកនាំដោយអភិបាលរងខេត្ត ចុះទៅពិនិត្យទីតាំងនោះ។ ទោះជាយ៉ាងណា មុនពេលសមត្ថកិច្ចទៅដល់ គេសង្កេតឃើញរថយន្តទំនើបៗជាច្រើនបានបើកចេញពីក្នុងអគារនោះ ដែលបង្កការសង្ស័យថាអាចមានការរំដោះមនុស្សចេញពីទីនោះ។

ហេតុការណ៍ដែលបានបែកធ្លាយរូបភាពតាមបណ្ដាញសង្គមនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីតាំងដែលសង្ស័យ និងត្រូវបានសមត្ថកិច្ចចុះពិនិត្យនោះ គឺស្ថិតនៅត្រង់ចំណុចស្រះបេះដូង ខាងលិចផ្លូវស្តង់តាងួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមរយៈវីដេអូដែលត្រូវបានគេថត និងបង្ហោះតាមបណ្ដាញសង្គម បានបង្ហាញពីបុរសម្នាក់ពាក់ឯកសណ្ឋានពណ៌ខ្មៅ បានឈរនៅលើយ៉រអគារមុខបន្ទប់ជាន់លើគេ ដែលមានបិទដែកចម្រឹងយ៉ាងជិត បានធ្វើកាយវិការបង្ហាញពីការវាយដំ និងទារុណកម្ម ហាក់ដូចជាកំពុងទទូចសុំជំនួយជាបន្ទាន់។

សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ករណីនេះកំពុងត្រូវបានអាជ្ញាធរខេត្តដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត រួមជាមួយកម្លាំងអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ព្រមទាំងអភិបាលក្រុង និងអធិការក្រុង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១៧ ដដែល។ ប៉ុន្តែបើតាមប្រភពពីចំណុចអគារខាងលើនេះ មុនពេលសមត្ថកិច្ចទៅដល់ និងក្រោយការបង្ហោះវីដេអូតាមបណ្ដាញសង្គម គេបានឃើញមានរថយន្តទំនើបៗជាច្រើនគ្រឿងបានបើកចេញពីទីតាំងអគារដែលមានរបងបិទជិតនោះ ដោយមហាជនបានដាក់ការសង្ស័យថា នេះជាការជន្លៀសមនុស្សចេញពីក្នុងអគារ។
គួរបញ្ជាក់ផងដែរថា បទល្មើសអនឡាញ រួមទាំងការជំរិតទារប្រាក់ និងការបង្ខាំងមនុស្សខុសច្បាប់ កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រសួងមហាផ្ទៃក៏បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យអនឡាញមួយនៅក្នុងបុរី សាន ស៊ានហូ ដោយបានឃាត់ខ្លួនជនបរទេសរាប់សិបនាក់ រួមទាំងសម្ភារៈឧបករណ៍ជាច្រើនគ្រឿងផងដែរ។
