(ពោធិ៍សាត់)៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅខេត្តពោធិ៍សាត់ ដោយរថភ្លើងដឹកប្រេងចំនួន ៣ ទូរ បានក្រឡាប់ផ្ងារជើង បណ្ដាលមកពីបញ្ហាផ្លូវដែកស្រុត។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈផេកផ្លូវការរបស់លោក។

របាយការណ៍បឋមបានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង ៦:៣០ នាទីព្រឹក ស្ថិតត្រង់ចំណុច PK191+600 លើខ្សែដែកទិសខាងជើង ក្នុងភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។


រថភ្លើងដឹកប្រេងដែលផ្ទុក ២៤ ទូរ ជាមួយក្បាលរថភ្លើងលេខ ៦៥៣៥ បានចេញដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ក៏ស្រាប់តែធ្លាក់ទូរប្រេងចំនួន ៣ ទូរតែម្តង។ អ្វីដែលគួរឱ្យរីករាយនោះគឺ ហេតុការណ៍នេះពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។


មូលហេតុបឋមគឺបណ្តាលមកពីផ្លូវដែកស្រុត។ ភ្លាមៗក្រោយកើតហេតុ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានចាត់បញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាព និងក្រុមជួសជុលផ្លូវដែក ចុះទៅពិនិត្យ និងចាត់វិធានការភ្លាមៗ។


ជាមួយគ្នានោះ រថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិច ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលប្រេងឥន្ធនៈដែលកំពប់ ខណៈរថយន្តស្ទូចចំនួន ២ គ្រឿង ក៏កំពុងត្រូវបានបញ្ជូនទៅដល់ចំណុចកើតហេតុផងដែរ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីទីប្រជុំជន។


ប្រភព៖ ផន រឹម
