ភ្នំពេញ៖ មហោស្រពសិល្បៈបុណ្យភូមិមានជើង (Buny Phum Mien Cheung) ក្នុងឆ្នាំ២០២៥ ឈានចូលដល់ឆ្នាំទី៣ របស់ខ្លួន ដោយត្រៀមធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់សម្បូរទៅដោយប្រាសាទបុរាណ និងនៅជិតតំបន់ជាយដែន។ ពិធីបុណ្យដ៏ធំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន បរិវេណប្រាសាទកោះកេរដ៏ល្បីល្បាញ និងនៅឯសាលាបឋមសិក្សាជាស៊ីមត្បែងមានជ័យជាដើម។

ទោះបីជាមហោស្រពសិល្បៈបុណ្យភូមិមានជើង រៀបចំឡើងទៅតាមទីតាំងភូមិសាស្ត្រផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែមហោស្រពមួយនេះ តែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅកាន់ប្រជាជននៅតាមតំបន់គោលដៅ តាមរយៈការបង្ហាញពីការរស់នៅ អរិយធម៌ដ៏ផូរផង់ និងវប្បធម៌ចម្រុះនានា ដែលជាអត្តសញ្ញាណជាតិ។

អ្វីដែលពិសេស និងថ្មីសម្រាប់មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារលើកនេះ គឺមានការដាក់បញ្ចូលកម្មវិធីថ្មីមួយ ដែលពុំធ្លាប់មានពីមុនមក នោះគឺ “ការរត់ចម្ងាយខ្លី រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ”។ កម្មវិធីរត់នេះ នឹងប្រព្រឹត្តទៅនៅជុំវិញប្រាសាទកោះកេរ ដើម្បីអបអរសាទរទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែលមហោស្រពបានសហការយ៉ាងយកចិត្តទុកដាក់ជាមួយ UNICEF Cambodia។ កម្មវិធីនេះមិនមែនគ្រាន់តែជាសកម្មភាពហាត់ប្រាណធម្មតានោះទេ តែវាគឺជាការប្តេជ្ញាចិត្តយ៉ាងសកម្ម ដើម្បីលើកស្ទួយ និងការពារសិទ្ធិរបស់កុមារគ្រប់រូបនៅកម្ពុជា។
