ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បន្ទាប់ពីមានការចោទប្រកាន់យ៉ាងចាស់ដៃពីសំណាក់អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Surachate Hakparn ហៅ “Big Joke” ដែលបានអះអាងថា មន្ត្រីប៉ូលិសថៃជាង ២០០ នាក់បានជាប់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារពីក្រុម Scammer និងបនល្បែងស៊ីសងអនឡាញនោះ ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលកើតឡើង។

ជាការឆ្លើយតបយ៉ាងប្រញាប់ប្រញាល់ ប៉ូលិសថៃទូទាំងប្រទេស បាននាំគ្នាប្រារព្ធពិធីស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកយ៉ាងកងរំពងថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។ ពិធីស្បថនេះត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដោយបង្ហាញពីការតាំងចិត្តរបស់ប៉ូលិសក្នុងការបដិសេធការចោទប្រកាន់ទាំងនោះ។
សារព័ត៌មាន Thairath បានបន្ថែមថា លោក Surachate ពិតជាបានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះយ៉ាងជ្រៅនៅក្នុងអង្គភាពប៉ូលិសថៃ រហូតដល់លោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំមួយ» ទៀតផង។
ទោះជាយ៉ាងណា ដើម្បីបង្ហាញពីភាពស្អាតស្អំ និងជាការវាយបកវិញ សមាគមប៉ូលិសចំនួន ៤ បានទាមទារឲ្យមានចំណាត់ការវិន័យ និងផ្លូវច្បាប់ប្រឆាំងនឹងលោក Surachate ចំពោះការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប៉ូលិស៕ ដោយ៖ តារា
