យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅនេះ គ្រោះថ្នាក់បាក់ដីដ៏រន្ធត់មួយបានកើតឡើងនៅខេត្ត Khanh Hoa ប្រទេសវៀតណាម បណ្ដាលឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង ១៩ នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យថ្ម និងដីរអិលបាក់សង្កត់លើរថយន្តក្រុងមួយគ្រឿងដែលកំពុងធ្វើដំណើរ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់ Khanh Le Pass លើកំណាត់ផ្លូវជាតិលេខ ២៧C ក្នុងខេត្ត Khanh Hoa ដែលបានកប់រថយន្តក្រុងដឹកអ្នកដំណើរដែលកំពុងធ្វើដំណើរពីទីក្រុង Da Lat ឆ្ពោះទៅកាន់ទីក្រុង Nha Trang។ រថយន្តក្រុងដែលរងគ្រោះ គឺជារថយន្ត Limousine របស់ក្រុមហ៊ុន Phuong Trang ដែលមាន ៣៤ កៅអី និងកំពុងដឹកមនុស្សសរុប ៣២ នាក់ រួមទាំងអ្នកបើកបរពីរនាក់ និងជំនួយការម្នាក់។
ក្រុមជួយសង្គ្រោះបានចំណាយពេលជាច្រើនម៉ោងដើម្បីប្រឹងប្រែងជីកកកាយកម្ទេចកម្ទីចេញ ក្នុងគោលបំណងជួយសង្គ្រោះជនរងគ្រោះដែលជាប់គាំង។ ជនរងគ្រោះភាគច្រើនត្រូវបានគេដឹងថា ជាអ្នករស់នៅក្នុងទីក្រុង Da Lat ហើយក្នុងចំណោមអ្នករងរបួសទាំង ១៩ នាក់ មាន ៣ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

គួររំលឹកផងដែរថា តំបន់ Khanh Le Pass ត្រូវបានគេស្គាល់ថាជាតំបន់ដែលងាយរងគ្រោះដោយការបាក់ដីអំឡុងរដូវវស្សា។ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ថ្មីៗនេះនៅតំបន់កណ្តាលប្រទេសវៀតណាម បានបង្កឱ្យមានករណីបាក់ដីជាច្រើនទៀតនៅក្នុងតំបន់នេះ។ លើសពីនេះ អាជ្ញាធរវៀតណាមក៏បានចេញការព្រមានជាបន្តបន្ទាប់អំពីភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ដែលអាចបង្កជាទឹកជំនន់ និងការបាក់ដីបន្ថែមទៀតនៅក្នុងតំបន់មួយចំនួន។
