កងទ័ពអាមេរិក បន្តប្រតិបត្តិការកម្ចាត់ទូកគ្រឿងញៀន! មនុស្ស៣នាក់ស្លាប់នៅប៉ាស៊ីហ្វិក

កងទ័ពអាមេរិក បន្តប្រតិបត្តិការកម្ចាត់ទូកគ្រឿងញៀន! មនុស្ស៣នាក់ស្លាប់នៅប៉ាស៊ីហ្វិក

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថា កងយោធាអាមេរិកបានបើកការវាយប្រហារជាលើកទី២១ ទៅលើនាវាសង្ស័យដឹកជញ្ជូនគ្រឿងញៀនមួយគ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមនុស្ស ៣ នាក់ទៀតស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។

(រូបភាព៖ X) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការវាយប្រហារនេះ បានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ដោយកំណត់គោលដៅទៅលើទូកមួយគ្រឿងដែលភ្នាក់ងារស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថា កំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។
ទូកគ្រឿងញៀន

ការវាយប្រហារចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ទៅលើនាវាសង្ស័យដឹកគ្រឿងញៀនកើនឡើងដល់ ៨៣ នាក់ហើយ។ យុទ្ធនាការនេះ ប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងនាវាចម្បាំង ដើម្បីរំខានដល់ការហូរចូលនៃគ្រឿងញៀនមកកាន់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារទាំងនេះ បានបង្កើនក្តីបារម្ភផ្នែកច្បាប់ និងការទូតជាខ្លាំង។ ក្រសួងយុត្តិធម៌អាមេរិកបានអះអាងថា ប្រតិបត្តិការទាំងនេះ មិនតម្រូវឱ្យមានការយល់ព្រមពីសភាឡើយ ប៉ុន្តែអ្នកជំនាញមួយចំនួនបានលើកឡើងថា សកម្មភាពយោធានេះអាចរំលោភលើច្បាប់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ។

លើសពីនេះ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាចក្រភពអង់គ្លេស និងកូឡុំប៊ី បានផ្អាកជាបណ្តោះអាសន្ននូវការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអាមេរិក ដោយសារការព្រួយបារម្ភអំពីភាពខុសច្បាប់ និងការជាប់ពាក់ព័ន្ធដែលអាចកើតមាន នៅក្នុងការវាយប្រហារទាំងនេះ។

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

administrator

Related Articles