ឧក្រិដ្ឋកម្មបឹងត្របែក! ក្មេងទំនើង ចោរប្លន់ និងអ្នកទទួលផលចោរកម្ម ២០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយការបង្ក្រាបទ្រង់ទ្រាយធំ!

ឧក្រិដ្ឋកម្មបឹងត្របែក! ក្មេងទំនើង ចោរប្លន់ និងអ្នកទទួលផលចោរកម្ម ២០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយការបង្ក្រាបទ្រង់ទ្រាយធំ!

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុក រយៈពេល ៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប ២០នាក់ (ស្រីម្នាក់) ពាក់ព័ន្ធបទល្មើសធំៗចំនួន ៣ករណី រួមមាន៖ ក្រុមអុកឡុក (ក្មេងទំនើង), ករណីប្លន់ប្រដាប់អាវុធ និងករណីទទួលផលចោរកម្ម។ ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណៈ រួចបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីបន្តនីតិវិធីច្បាប់នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ។ ក្នុងចំណោមករណីទាំង៣ រួមមាន៖

ទី១៖ ករណីហិង្សាដោយចេតនា (ក្រុមក្មេងទំនើងរហ័សនាម “បឹងត្របែក” ឬ BTB) ដែលបានប្រព្រឹត្តនៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងតំបន់កោះពេជ្រ ផ្លូវផ្សាររាត្រី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រ។

ទី២៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ព្រួតគ្នាប្រើដុំថ្ម និងកាំបិតប៉័ងតោ ដេញគប់ និងកាប់ទៅលើជនរងគ្រោះ)។ ករណីនេះកើតឡើងនៅមុខផ្សារ K-MALL មហាវិថីចោមចៅ (វេងស្រេង) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រដូចគ្នា។

ទី៣៖ ករណីកាប់ប្លន់ម៉ូតូពីនារីម្នាក់ នៅចំណុចផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣:៤៣ នាទី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កាំបិតប៉័ងតោ ០១ដើម ដុំថ្ម ០៣ដុំ និងម៉ូតូ ០៥គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles