ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសពីជោគជ័យក្នុងការបន្តបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដែលមាន លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ជាអ្នកដឹកនាំផ្ទាល់នូវកម្លាំងជំនាញ។
ករណីទី១៖ អំពើហិង្សាដោយចេតនា (កាប់ដោយពូថៅ) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ វ៉ាន់ វិន អាយុ ៣២ឆ្នាំ បានប្រើពូថៅកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ និងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
ករណីទី២៖ ឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចរង្វង់មូលត្រីដូហ្វីន សង្កាត់លេខ៣។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខ្មែរ ៣នាក់ រួមទាំងវត្ថុតាងទូរស័ព្ទដៃ ១គ្រឿងផងដែរ។
ករណីទី៣៖ ឆក់ទូរស័ព្ទដៃមួយករណីទៀត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅម្ដុំផ្លូវកាស៊ីណូណានហៃ សង្កាត់លេខ៣។ ជនសង្ស័យឈ្មោះ សន ទ្បៃ អាយុ ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន។
ករណីទី៤៖ វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយគប់ថ្មបែកកញ្ចក់រថយន្ត កើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៤ ចំណោតយាយម៉ៅ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផៃ ថុន អាយុ ៤៧ឆ្នាំ។
ករណីទី៥៖ វាយបំផ្លាញទ្រព្យសម្បត្តិដោយជនបរទេស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផែក្របី សង្កាត់លេខ៣។ ជនសង្ស័យជាជនជាតិឥណ្ឌា មានឈ្មោះ PRAKASH SANGILIPANDI ត្រូវបានឃាត់ខ្លួន។
ករណីទី៦៖ លួចម៉ូតូចំនួន២ករណីផ្សេងគ្នា កើតឡើងនៅថ្ងៃទី៨ និងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជនសង្ស័យខ្មែរ និងជនជាតិចិន សរុប ២នាក់ ត្រូវបានឃាត់ខ្លួន រួមជាមួយម៉ូតូ ២គ្រឿងម៉ាក Honda CB150CC និង Honda BEAT ដែលត្រូវបានដកហូតប្រគល់ជូនម្ចាស់ដើមវិញតាមផ្លូវច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានសហការផ្តល់ព័ត៌មាន និងបន្តអំពាវនាវឲ្យសាធារណជនបន្តចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងសង្គមឲ្យបានប្រកបដោយសុវត្ថិភាព និងសុខដុមរមនាជាបន្តទៀត។
