ប្រតិបត្តិការក្ដៅ! នគរបាលភ្នំពេញ-តាកែវ បង្ក្រាប៤នាក់ ជាក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម មានទាំងមុខសញ្ញាចាស់!

ប្រតិបត្តិការក្ដៅ! នគរបាលភ្នំពេញ-តាកែវ បង្ក្រាប៤នាក់ ជាក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម មានទាំងមុខសញ្ញាចាស់!

កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ខណ្ឌដង្កោ និងកម្លាំងនគរបាលស្នងការដ្ឋានខេត្តតាកែវ បានបើកប្រតិបត្តិការស្រាវជ្រាវដ៏ក្ដៅគគុក រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់ដ៏សកម្មចំនួន៤នាក់។ ការចាប់ខ្លួននេះធ្វើឡើងក្រោយក្រុមនេះបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចកាលពីពេលកន្លងទៅ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានចាប់ផ្ដើមឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលទ្ធផលសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ ជាមុខសញ្ញាចាស់ដែលទើបនឹងចេញពីពន្ធនាគារ, ទី២-ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ, ទី៣-ឈ្មោះ មិន ចាន់ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ, និងទី៤-ឈ្មោះ មាច ថាវរុន ភេទប្រុស អាយុ៣៤ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles