ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម រក្សាទុក កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ រួមមាន៖
១. ឈ្មោះ តាំង សុភ័ណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករុន ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។
២. ឈ្មោះ ទេព គ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសម្លឆៅ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។
៣. ឈ្មោះ ចាន់ ឆៃណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាសួស ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
៤. ឈ្មោះ ឈិន រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៥. ឈ្មោះ សៀង សុខនី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្លង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
៦. ឈ្មោះ សួន និស្ស័យ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ ២២៦ ផ្លូវលំ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 
ប្រភពដដែលបន្តថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ ដែលបានចោទប្រកាន់ទៅលើឈ្មោះ តាំង សុភ័ណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នាថា បានលួចយកទូរសព្ទដៃ iPhone 13 ពណ៌ផ្កាឈូកមួយគ្រឿង របស់ខ្លួន កាលពីវេលាម៉ោងប្រហែល ៣ទៀបភ្លឺ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលខាងលើ។
ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះ តាំង សុភ័ណ្ណ យកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរសព្ទដៃខាងលើពីជនរងគ្រោះពិតប្រាកដមែន រួចក៏បានយកទៅបញ្ចាំឲ្យឈ្មោះ ទេព គ បានប្រាក់ចំនួន ១០ម៉ឺនរៀល នៅចំណុចរោងសំណង់អាណាធិបតេយ្យ ខាងក្រោយផ្លូវហេងៗ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
ក្រោយពីទទួលបានចម្លើយនេះ លោកអធិការនគរបាលក្រុង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះទៅកាន់ទីតាំងនោះភ្លាមៗ និងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ទៀត រួមជាមួយនឹងវត្ថុតាងមួយចំនួនធំ រួមមាន៖ កាំបិតសាមូរ៉ៃចំនួន ៣ដើម (ខ្លី០១ដើម កាំបិតតាំងតោ០១ដើម កាំបិតស្នៀត០១ដើម), ទូរសព្ទដៃសរុបចំនួន ១១គ្រឿង, អាយកូមចំនួន ១គ្រឿង, សារធាតុម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, និងម៉ូតូចំនួន ៣គ្រឿង (ម៉ាកនិច ពណ៌សលាយលឿង គ្មានស្លាកលេខ, ម៉ាកហុងដាដ្រីម ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង 1R-0401, និងម៉ាកស៊ីរួស ពណ៌លឿងលាយខ្មៅ ស្លាកលេខវៀតណាម 70-D1 092.46)។ 
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន ធ្វើតេស្តទឹកនោមលើជនសង្ស័យទាំង ៦នាក់ ហើយលទ្ធផលគឺវិជ្ជមាន (+) សារធាតុញៀនដូចគ្នាទាំងអស់។
