ខេត្តសៀមរាប៖ សារមន្ទីរជាតិអង្គរ បានប្រារព្ធខួប ១៨ឆ្នាំ នៃការបង្កើតឡើង ដែលបន្តបេសកកម្មយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ដ៏សម្បូរបែបនៃអាណាចក្រខ្មែរ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
គិតមកដល់ពេលនេះ សារមន្ទីរជាតិអង្គរនៅខេត្តសៀមរាប បានដំណើរការអស់រយៈពេល១៨ឆ្នាំហើយ។ ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាកន្លែងតាំងពិព័រណ៍ប៉ុណ្ណោះទេ ថែមទាំងជាវិទ្យាស្ថានសិក្សាដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
សារមន្ទីរនេះបានផ្តោតលើការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ តាមរយៈវិចិត្រសាលទាំងប្រាំបី (៨) នៃសារមន្ទីរជាតិអង្គរ ភ្ញៀវទេសចរនឹងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយអំពីប្រវត្តិសាស្ត្រខ្មែរ ដែលបានរីកចម្រើនលូតលាស់រាប់រយឆ្នាំ ក្រោមការដឹកនាំរបស់មហាក្សត្រដ៏ខ្លាំងពូកែជាច្រើនអង្គបន្តបន្ទាប់គ្នា។
គោលបំណងចម្បងរបស់សារមន្ទីរជាតិអង្គរ គឺលើកទឹកចិត្តភ្ញៀវទេសចរគ្រប់រូបឱ្យមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងថែរក្សាសមុច្ច័យប្រវត្តិសាស្ត្រដ៏មានតម្លៃទាំងនេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ 
សូមជម្រាបថា សារមន្ទីរជាតិអង្គរមានទីតាំងក្នុងក្រុងសៀមរាប ដែលបើកឱ្យភ្ញៀវទេសចរចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ ៦:៣០ នាទីល្ងាច។ វត្ថុបុរាណភាគច្រើននៅសារមន្ទីរជាតិអង្គរ ត្រូវបានរកឃើញនៅក្នុង និងជុំវិញរមណីយដ្ឋានអង្គរ។
បដិមាទាំងអស់ក្នុងសារមន្ទីរនេះ មានអាយុកាលចាប់តាំងពីមុនសម័យអង្គរដល់សម័យក្រោយអង្គរ ហើយត្រូវបានដាក់តាំងបង្ហាញក្នុងវិចិត្រសាលឯក “ព្រះពុទ្ធបដិមាមួយពាន់អង្គ” ដែលជាផ្នែកដ៏សំខាន់មួយនៃសារមន្ទីរជាតិអង្គរ។
សារមន្ទីរជាតិអង្គរពិតជាតំណាងឱ្យមោទកភាពជាតិ និងជាទីកន្លែងសម្រាប់រៀនសូត្រពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា។
