ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីជាច្រើនខ្នងដែលសង់ជាប់មាត់ទន្លេ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង និងបន្សល់ទុករបួសមនុស្សម្នាក់។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានរៀបរាប់ថា មុនពេលកើតមានអគ្គិភ័យ ពួកគាត់បានធុំក្លិនឆេះឈ្ងៀម និងភ្លាមៗនោះក៏ឃើញផ្សែងខ្មៅហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងបានឆាបឆេះផ្ទះរួចទៅហើយ។

ខណៈនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកពន្លត់ដែរ ប៉ុន្តែដោយសារមានខ្យល់បក់ខ្លាំង រួមទាំងផ្ទះភាគច្រើនធ្វើពីឈើទើបធ្វើឲ្យអណ្ដាតភ្លើងរាលដាលយ៉ាងលឿនពិបាកគ្រប់គ្រង ទើបពួកគាត់សម្រេចរាយការណ៍ជូនសមត្ថកិច្ចដើម្បីសុំអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រួមជាមួយរថយន្តជំនួយពីទីក្រុងនរា, ទីក្រុងកោះពេជ្រ និងបុរីប៉េងហួត បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿងទម្រាំភ្លើងរលត់ជាស្ថាពរ។

ជាលទ្ធផល អគ្គិភ័យនេះបានបំផ្លាញផ្ទះឈើប្រក់ស័ង្កសីអស់ទាំងស្រុងជាច្រើនខ្នង រួមទាំងបណ្តាលឱ្យមនុស្សម្នាក់រងរបួសស្រាលផងដែរ។

ចំពោះមូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់អគ្គិភ័យនេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះដេរខោអាវមួយកន្លែង។

អត្ថបទ៖ រដ្ឋា
