(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) យ៉ាងសកម្មនៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយចុះឆែកឆេរទីតាំងសង្ស័យចំនួនពីរ កន្លែងគឺនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងកាស៊ីណូ ហេងៗ ២ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពេលចុះបង្រ្កាបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រ All-in-one ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃ ២គ្រឿង, ធុង PC ១០គ្រឿង, ទូរសព្ទ ៧គ្រឿង, អេក្រង់ Monitor ១៥គ្រឿង, ទូទូរសព្ទ (Call Center) ១៦ទូ និងលិខិតឆ្លងដែន ៦ក្បាល។ 
ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ត្រូវបានដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។ ការចុះត្រួតពិនិត្យទីតាំងសង្ស័យទាំងពីរ បាននាំទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងចំណោមជនសង្ស័យទាំង ៣០នាក់ មាន ២១នាក់ ត្រូវបានគេស្គាល់ថាជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពឆបោកដោយល្បិចកលផ្សេងៗ។ ពួកគេបានលួងលោមជនរងគ្រោះឱ្យដាក់ទុនវិនិយោគលើគម្រោងក្លែងក្លាយ ឬបញ្ចុះបញ្ចូលឱ្យដំឡើងកម្មវិធីផ្សេងៗ ដើម្បីលួចចូលគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងគណនីធនាគាររបស់ជនរងគ្រោះ។ 
ក្រោយការបង្រ្កាបដោយជោគជ័យនេះ សមត្ថកិច្ចជំនាញកំពុងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកមេខ្លោងពិតប្រាកដ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់។ ជាមួយគ្នានោះ ទីតាំងដែលជាជម្រករបស់ក្រុមឆបោកនេះ ក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ។ 
សូមបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបន្តធ្វើឡើងទូទាំងប្រទេស ហើយសមត្ថកិច្ចចម្រុះនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ទៅលើមេខ្លោង និងជនជាប់ពាក់ព័ន្ធទាំងអស់ ដោយគ្មានការលើកលែងឡើយ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ប្រភព៖ ក្រសួងព័ត៌មាន
