ក្រុមរុករក និងជួយសង្គ្រោះឥណ្ឌូនេស៊ី បានរកឃើញសាកសពមនុស្ស ៨នាក់បន្ថែមទៀត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងប្រតិបត្តិការថ្ងៃទី៣ ក្រោយហេតុការណ៍បាក់ដីដ៏រន្ធត់មួយនៅភូមិ CIBEUNYING ស្រុកស៊ីឡាកាប ខេត្តជ្វាកណ្ដាល។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១១នាក់ ខណៈមនុស្ស ១០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។

លោកមូហាម៉ាដ អាប់ឌុលឡាហ៍ ប្រធានការិយាល័យរុករក និងជួយសង្គ្រោះស្រុកស៊ីឡាកាប បានបញ្ជាក់ថា សាកសពជនរងគ្រោះត្រូវបានរកឃើញនៅតាមទីតាំងជាច្រើនកន្លែង។ ហេតុការណ៍បាក់ដីនេះបានកើតឡើងដោយសារភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ដែលបង្កជាសោកនាដកម្មដ៏ធំមួយសម្រាប់ប្រជាជនក្នុងតំបន់។ ការស្វែងរកជនរងគ្រោះនៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ។

