ដាកា, បង់ក្លាដែស — អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានតុលាការសម្រេចកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថា លោកស្រីមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការកាត់ទោសនេះទាក់ទងនឹងការបង្ក្រាបយ៉ាងឃោរឃៅទៅលើបាតុកម្មនិស្សិតក្នុងឆ្នាំ២០២៤ ដែលជាការបះបោរដ៏ធំបាននាំឱ្យរដ្ឋាភិបាលរបស់លោកស្រីដួលរលំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែវិច្ឆិកា។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានសម្រេចថា លោកស្រី Hasina ជាអ្នកបញ្ជា ឬជំរុញឱ្យកងកម្លាំងសន្តិសុខធ្វើការសម្លាប់រង្គាលទៅលើបាតុករ។ ចៅក្រមបានបញ្ជាក់ថា លោកស្រីបានញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងនិស្សិតដែលធ្វើបាតុកម្ម ហើយមិនព្រមបញ្ឈប់កងកម្លាំងសន្តិសុខពីការប្រើប្រាស់កម្លាំងដ៏សាហាវយង់ឃ្នង។ តុលាការបានភ្ជាប់បញ្ជារបស់លោកស្រីទៅនឹងការស្លាប់របស់បាតុករប្រមាណ ១,៤០០ នាក់ និងរបួសដល់មនុស្សរហូតដល់ ២៥,០០០ នាក់។

យ៉ាងណាមិញ បច្ចុប្បន្ន លោកស្រី Hasina កំពុងស្ថិតក្នុងការនិរទេសខ្លួននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌានៅឡើយ ចាប់តាំងពីត្រូវបានបង្ខំឱ្យចុះចេញពីអំណាចកាលពីឆ្នាំមុន។ លោកស្រីតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ លើសពីនេះ មេធាវីរបស់លោកស្រីបានស្នើសុំឱ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ ដោយលើកឡើងថា ការកាត់ក្តីនេះខ្វះភាពយុត្តិធម៌ និងដំណើរការត្រឹមត្រូវតាមច្បាប់។
សូមជម្រាបថា លោកស្រី Hasina បានគ្រប់គ្រងប្រទេសបង់ក្លាដែសអស់រយៈពេលជាងមួយទសវត្សរ៍ ដោយបាននាំមកនូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ប្រឈមមុខនឹងការចោទប្រកាន់ពីរបបផ្តាច់ការ អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយផងដែរ។ ការផ្តួលរំលំរដ្ឋាភិបាលលោកស្រីនៅឆ្នាំ២០២៤ ពីសំណាក់ចលនាដឹកនាំដោយនិស្សិត បានបញ្ចប់ការក្តាប់អំណាចដ៏យូរអង្វែងរបស់លោកស្រីតែម្ដង។
អត្ថបទ៖ ប៊ុន សុភាព
