អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបំផ្លាញស្ទើរទាំងស្រុងនូវឃ្លាំងស្តុកទំនិញដ៏ធំសម្បើមមួយឈ្មោះ E-Land Fashion Logistics Center ស្ថិតក្នុងទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។

អគ្គិភ័យដ៏សន្ធោសន្ធៅនេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ វេលាម៉ោងប្រមាណ ៦ ព្រឹក នៅជាន់ទីបួននៃឃ្លាំង ហើយបានរាលដាលយ៉ាងលឿនបំផុត ដោយសារតែអគារនេះពោរពេញទៅដោយសម្លៀកបំពាក់ និងស្បែកជើងជាង ១១ លានមុខឯណោះ។ ឃ្លាំងនេះមានទំហំធំមហិមា ប្រមាណ ២៧ ទីលានបាល់ទាត់។ ទោះជាយ៉ាងណា ជាសំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ ដោយសារអគ្គិភ័យបានចាប់ផ្ដើមមុនពេលកម្មករមកធ្វើការ។

ដើម្បីគ្រប់គ្រងស្ថានការណ៍ អ្នកពន្លត់អគ្គិភ័យជាង ៤៣០ នាក់ រថយន្តពន្លត់អគ្គិភ័យ ១៥០ គ្រឿង និងឧទ្ធម្ភាគចក្រ ១១ គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ ពួកគេថែមទាំងបានប្រើប្រាស់កាណុងបាញ់ទឹកដែលមានថាមពលខ្ពស់ពិសេស ដែលជារថយន្តតែមួយគត់នៅក្នុងប្រទេស ដើម្បីជួយពន្លត់អណ្តាតភ្លើងទៀតផង។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានចំណាយពេលជាងប្រាំបួនម៉ោង ហើយផ្នែកខ្លះនៃអគារបានដួលរលំដោយសារតែកម្ដៅដ៏សន្ធឹកសន្ធាប់។ ក្រុមអ្នកពន្លត់អគ្គិភ័យក៏បានបន្តធ្វើការពេញមួយយប់បន្ថែមទៀត ដើម្បីទប់ស្កាត់អគ្គិភ័យតូចៗដែលនៅសេសសល់។
មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ នៅតែមិនទាន់ដឹងនៅឡើយ។ ទោះបីជាឃ្លាំងដដែលនេះមានអគ្គិភ័យតូចមួយកាលពីប្រាំបួនថ្ងៃមុនក៏ដោយ ក៏ក្រុមហ៊ុនបានអះអាងថាឧប្បត្តិហេតុទាំងពីរនេះមិនមានទំនាក់ទំនងគ្នាឡើយ។

គួររំលឹកថា ឃ្លាំងដែលឆាបឆេះនេះបានបើកដំណើរការក្នុងឆ្នាំ ២០១៤ ហើយបានបញ្ជូនទំនិញរហូតដល់ ៥ លានកញ្ចប់ជារៀងរាល់ឆ្នាំ។ ឥឡូវនេះ វាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងទៅហើយ។
