រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា ភាគីទាំងពីរបានបោះបង្គោលបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល ដែលគិតជាភាគរយសម្រេចបានប្រមាណ៥៦%។


យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានកាលពីម្សិលមិញនេះថា ការងារបោះបង្គោលបណ្តោះអាសន្ននេះគឺនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។


ភាគីទាំងពីរបានប្តេជ្ញាបន្តការងារបោះបង្គោលបណ្តោះអាសន្ននេះឱ្យបានចប់តាមផែនការដែលបានកំណត់នាពេលដ៏ខ្លីខាងមុខ។ ការសម្រេចបាន ៥៦% ក្នុងរយៈពេលដ៏ខ្លីនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។


