មណ្ឌលគិរី៖ វែកមុខ! ក្រុមជួញដូរគ្រឿងញៀន១៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបានទាំងសម្ភារៈពាក់ព័ន្ធ!

មណ្ឌលគិរី៖ វែកមុខ! ក្រុមជួញដូរគ្រឿងញៀន១៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបានទាំងសម្ភារៈពាក់ព័ន្ធ!

ខេត្តមណ្ឌលគិរី៖ ក្រោមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដ៏ធំមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចតារាងបាល់ទះមួយកន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីវឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានធ្វើការឆ្មក់បង្ក្រាបទីតាំងខាងលើប្រកបដោយជោគជ័យ។ រូបភាពគ្រឿងញៀន និងវត្ថុតាង

ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ រួមមាន៖
១/ វុន ពន្លឺ ភេទប្រុស អាយុ ២៩ឆ្នាំ
២/ នីម ប៉ោហួរ ភេទប្រុស អាយុ ២៤ឆ្នាំ
៣/ ភ័ណ្ឌ លីន ភេទស្រី អាយុ ២២ឆ្នាំ
៤/ អ៊ុត ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ
៥/ ពិន គា ភេទប្រុស អាយុ ៣៩ឆ្នាំ
៦/ ម៉ៅ ថុល ភេទប្រុស អាយុ ៤៦ឆ្នាំ
៧/ ចន ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ
៨/ ឈឹម មិនា ភេទប្រុស អាយុ ២១ឆ្នាំ
៩/ ឡាំ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ
១០/ កេះ ចាន់រ៉ា ភេទប្រុស អាយុ២១ឆ្នាំ (ជនជាតិភ្នង)
១១/ ភ្យី រី ភេទប្រុស អាយុ ២៩ឆ្នាំ (ជនជាតិភ្នង)
១២/ សេម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ (ជនជាតិភ្នង)
១៣/ ទ្រី ហុងគ្រី ភេទប្រុស អាយុ ២៩ឆ្នាំ។
ជនសង្ស័យទាំងអស់នេះ ភាគច្រើនមានមុខរបរជាកម្មករ និងរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា និងមួយចំនួនមកពីឃុំសុខសាន្ត ស្រុកកោះញែក និងឃុំមេម៉ង ស្រុកកែវសីមា។ ក្រោយធ្វើតេស្តទឹកនោម គឺវិជ្ជមានសារធាតុញៀន (មេតំហ្វេតាមីន) ទាំង ១៣នាក់តែម្ដង។ រូបភាពជនសង្ស័យ និងវត្ថុតាង

វត្ថុតាងជាច្រើនត្រូវបានដកហូត រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ ទម្ងន់សរុប ៤.៤៤ក្រាម (ទាំងសំបកថង់), ទូរស័ព្ទដៃ ១២គ្រឿង, ម៉ូតូ ៦គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១, អាវុធកែច្នៃប្រើហ្គាស ២ដើម, គ្រាប់ពិដាង ១៣៣គ្រាប់, ដាវ ១ដើម, បារីអេឡិចត្រូនិច (vape) ១ និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

administrator

Related Articles