ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានរំលេចឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋខេត្តបាត់ដំបង និងសៀមរាប ដោយចាត់ទុកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ថាជាថ្ងៃដែលគួរចងចាំបំផុត។ នេះជាថ្ងៃដែលដែនដីខេត្តទាំងពីរត្រូវបានប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញ (កាលនោះស្ថិតក្រោមអាណាព្យាបាលបារាំង) ពីសំណាក់រាជការសៀម តាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោន (Franco-Thai Settlement Agreement) រវាងបារាំង និងសៀម ដែលបានចុះហត្ថលេខានៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
នៅពេលរំលឹកពីប្រវត្តិសាស្ត្រខេត្តបាត់ដំបង សៀមរាប និងទំនាក់ទំនងជាមួយប្រទេសសៀម មានថ្ងៃដ៏សំខាន់ពីរដែលគួរឲ្យចងចាំគឺ៖
១. ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧៖ សន្ធិសញ្ញាបារាំង-សៀម
២. ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦៖ កិច្ចព្រមព្រៀងបារាំង-ថៃ ( Franco-Thai Settlement Agreement)

គួររំលឹកផងដែរថា ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កងទ័ពចក្រភពជប៉ុនបានវាយលុកយ៉ាងរហ័ស និងវាតទីបានស្ទើរតែទាំងអស់លើតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្ដើមបានទឹកដីពីមហាអំណាចអឺរ៉ុប (អង់គ្លេស បារាំង ហូឡង់) និងសហរដ្ឋអាមេរិក។ ជប៉ុនមានបំណងបង្កើតមណ្ឌលវិបុលភាពរួមដ៏ធំនៅអាស៊ីបូព៌ា (Greater East Asia Co-Prosperity Sphere)។ នៅប្រមាណឆ្នាំ១៩៤០ បារាំងបានធ្លាក់ចុះខ្សោយក្រោមការគ្រប់គ្រងរបស់ណាស៊ីអាល្លឺម៉ង់ ហើយរដ្ឋាភិបាលខ្លួននៅតំបន់ឥណ្ឌូចិនក៏ចុះទន់ខ្សោយយ៉ាងខ្លាំង។
ឃើញឱកាសបែបនេះ រដ្ឋាភិបាលសៀមដែលដឹកនាំដោយពួកយោធានិយមប្រកាន់គំនិតជាតិនិយមជ្រុល និងដែលធ្លាប់មានគំនុំជាមួយបារាំងស្រាប់ បានចងសម្ព័ន្ធភាពជាមួយជប៉ុននៅឆ្នាំ១៩៤១ ដើម្បីឲ្យជប៉ុនជួយអន្តរាគមន៍ទាមទារយកដែនដីដែលខ្លួនធ្លាប់គ្រប់គ្រងមុនឆ្នាំ១៩០៧ ពីបារាំងមកវិញ។ ជាលទ្ធផល ជប៉ុនបានបង្ខំឲ្យបារាំងចុះអនុសញ្ញាទីក្រុងតូក្យូ (Tokyo Convention) ឆ្នាំ១៩៤១ ដោយយល់ព្រមប្រគល់ទឹកដីបាត់ដំបង សៀមរាប រួមទាំងលាវ ទៅឲ្យភាគីសៀមវិញ។ តំណាងភាគីសៀមដែលទទួលការប្រគល់ដែនដី និងជាអ្នកបង្ហូតទង់ជាតិសៀមនៅខេត្តបាត់ដំបង គឺលោក ឃួង អភ័យវង្ស កូនប្រុសរបស់លោកម្ចាស់បស្ចឹមកថាថនឈុំ។

ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ដោយបរាជ័យរបស់ជប៉ុន ប៉ុន្តែសៀមនៅតែរារែកមិនព្រមប្រគល់ដែនដីទាំងនោះមកបារាំងវិញទេ ដោយយកលេសជាច្រើន។ កាលនោះ សៀមបានស្នើសុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិដែលទើបបង្កើតថ្មីៗ តែមិនបានសម្រេច ដោយសារបារាំងដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បានប្រើសិទ្ធិវេតូជំទាស់បេក្ខភាពរបស់សៀម។ ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាម៉េរិកក៏បានផ្តួចផ្តើមសន្ធិសញ្ញាថ្មីរវាងបារាំងនិងសៀម ក្នុងគោលបំណងដោះស្រាយផលវិបាកនៃសង្គ្រាមបារាំង-ថៃ (១៩៤០-១៩៤១) និងលុបចោលអនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ ដែលសៀមក្រោមការគាំទ្ររបស់ជប៉ុនបានកាន់កាប់ទឹកដីពីឥណ្ឌូចិនរបស់បារាំង។
ជាលទ្ធផល កិច្ចព្រមព្រៀងដំណោះស្រាយបារាំង-សៀម ត្រូវបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦។ ភាគីសៀមបានយល់ព្រមប្រគល់ទឹកដីខ្មែរនិងលាវទាំងអស់នោះត្រឡប់ទៅឲ្យបារាំងវិញ ដើម្បីជាថ្នូរនឹងការបានចូលជាសមាជិកអង្គការសហប្រជាជាតិ។
ប្រភព ៖ លោក ខៀវ កាញារីទ្ធ , (Mao Vutha )
