ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីធ្លាក់ពីលើអគារបន្ទប់ជួលជាន់ទី២ ត្រង់ចំណុចផ្លូវបេតុង ភូមិព្រៃទីទុយ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ ក្រឹង រតនៈ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ ៨០ ជាន់ទី២ កន្លែងកើតហេតុ។
យោងតាមការបំភ្លឺពីមិត្តភក្តិរបស់ជនរងគ្រោះ ឈ្មោះ ឃិត ស្រីនិត ភេទស្រី អាយុ ២១ឆ្នាំ បានឲ្យដឹងថា នាងនិងជនរងគ្រោះ ព្រមទាំងមិត្តភក្តិ ៣នាក់ទៀត បានជួលបន្ទប់ស្នាក់នៅជាមួយគ្នា។ កន្លងមក ជនរងគ្រោះតែងតែយកអង្រឹងចងដេកនៅមុខបន្ទប់។ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង ៥៥នាទី ជនរងគ្រោះបានត្រឡប់មកដល់បន្ទប់វិញក្នុងស្ថានភាពស្រវឹងធ្ងន់ធ្ងរ រួចក៏ចងអង្រឹងដេកមុខបន្ទប់ដូចសព្វដង។ មួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងលាន់ស័ង្កសីប្រាវ តែអ្នករួមបន្ទប់គិតថាជាឆ្មាលោត។ រហូតដល់ម៉ោងប្រមាណ ៥ និង ៣០នាទី ព្រឹកឡើង ថ្ងៃទី១៧ វិច្ឆិកា ក៏មានការភ្ញាក់ផ្អើលថាមានមនុស្សស្លាប់ ទើបនាងនិងមិត្តភក្តិបានចេញមកមើល ហើយក៏ប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅខាងក្រោមបង្កាន់ដៃបន្ទប់។
រីឯរូបភាពពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅវេលាម៉ោង ០០ និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានឈរនោមនៅមុខបន្ទប់ជាន់ទី២។ បន្ទាប់មក គាត់ក៏បានដើរទ្រេតទ្រោត ហើយបានតោងឡើងបង្កាន់ដៃ រួចក៏របូតដៃធ្លាក់ចុះទៅក្រោមតែម្នាក់ឯង ដោយមិនមានអ្នកណានៅក្បែរនោះឡើយ។
ក្រោយការពិនិត្យកន្លែងកើតហេតុ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់បណ្ដាលមកពីប៉ះទង្គិចក្បាល និងរាងកាយធ្ងន់ធ្ងរ ដោយសារការធ្លាក់ពីលើបង្កាន់ដៃអគារជាន់ទី២។ បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
