ភូមិភាគខាងជើងប្រទេសថៃ ត្រូវរងការរញ្ជួយដីកម្រិតស្រាលមួយទៀត ខណៈខេត្ត Lampang បានទទួលរងនូវការវាយប្រហារដោយរញ្ជួយដីកម្រិត ២.២ រ៉ិចទ័រ ជាមួយជម្រៅរាក់ត្រឹមតែ ១ គីឡូម៉ែត្រប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៥:១៩ នាទីព្រឹកព្រលឹម ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបើយោងតាមការរាយការណ៍របស់ Thai Enquirer។ ចំណុចកណ្តាលនៃរញ្ជួយដីនេះ គឺស្ថិតនៅក្នុងតំបន់ Thung Kwao នៃស្រុក Pan។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីជនរងគ្រោះ ឬការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅឡើយទេ។
ការរញ្ជួយដីនៅ Lampang នេះកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីការរញ្ជួយដីកម្រិត ២.៤ រ៉ិចទ័រ បានវាយប្រហារកោះសាមុយ ក្នុងខេត្តសុរាតថានី ដែលបានបង្កឱ្យមានការរង្គើតិចតួច និងសូរសំឡេងខ្លាំង រហូតធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើល។ យ៉ាងណាមិញ ករណីនៅកោះសាមុយនេះ ក៏មិនមានរបាយការណ៍អំពីការខូចខាត ឬរបួសអ្វីដែរ។

យោងតាមនាយកដ្ឋានតាមដានរញ្ជួយដីនៃក្រសួងឧតុនិយម ការរញ្ជួយនៅកោះសាមុយបានកើតឡើងនាវេលាម៉ោង ១២:៤៧ នាទីរំលងអធ្រាត្រ ដោយមានជម្រៅ ៤ គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅក្បែរឃុំ Bo Phut ដែលជាកន្លែងប្រជាជនបានរាយការណ៍ថាមានរំញ័រខ្លាំងបំផុត។
ប្រជាជននៅទូទាំងតំបន់ជាច្រើនបានរៀបរាប់អំពីការរញ្ជួយដីនេះថាមានរយៈពេលខ្លី ប៉ុន្តែអាចសម្គាល់បានយ៉ាងច្បាស់។ នៅភូមិមុនគង អ្នកស្នាក់នៅក្នុងអគារផ្ទះល្វែងពីរជាន់បាននិយាយថា ពួកគេបានឮសំឡេង “ផ្ទុះខ្លាំង” អមដោយការរញ្ជួយ ព្រមទាំងសំឡេងខ្លាំងបន្ថែមពីរលើកទៀតបានកើតឡើងប្រហែលម៉ោង ១២:៥៥ នាទី។

ចំណែកឯនៅតំបន់ឆាវ៉េង និងសាលាពហុជំនាញកោះសាមុយ ប្រជាជនក៏បានរាយការណ៍ថាមានសំឡេងខ្លាំងស្រដៀងគ្នា អមដោយរំញ័រមានរយៈពេលជាច្រើននាទី ជាមួយនឹងរំញ័រតូចៗបន្តកន្ទុយគ្នារៀងរាល់ ៤-៥ នាទីម្តង៕
