ក្ដៅៗ! កម្លាំងនគរបាលភ្នំពេញ បង្ក្រាបចោរប្លន់ម៉ូតូ៤នាក់ និងក្មេងទំនើង១៦នាក់ បង្ហាញមុខមុនបញ្ជូនទៅតុលាការ

ក្ដៅៗ! កម្លាំងនគរបាលភ្នំពេញ បង្ក្រាបចោរប្លន់ម៉ូតូ៤នាក់ និងក្មេងទំនើង១៦នាក់ បង្ហាញមុខមុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ និងក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាតាមទីសាធារណៈ សរុបជាង២០នាក់។ ពួកគេត្រូវបាននាំមកបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ មុននឹងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា។

ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងយ៉ាងម៉ឺងម៉ាត់បំផុត ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការងារនេះ ត្រូវបានដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និងមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ម សាវន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីក្រុមជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបេតុង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាអ្នកធ្វើសកម្មភាពបានចំនួន២នាក់ និងអ្នកទទួលទិញ២នាក់ទៀត នាំយកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿង។

លោក ម៉ម សាវន បានបន្តទៀតថា ក្រៅពីករណីប្លន់ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក៏បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងបានសរុបចំនួន១៦នាក់ (ស្រី១នាក់) ដែលពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា។ ករណីទី១ បានកើតឡើងនៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងកោះពេជ្រ ផ្លូវផ្សាររាត្រី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១:៣០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជាក្រុមក្មេងទំនើងឈ្មោះបឹងត្របែក (BTB)។ ចំណែកឯករណីទី២ ជាអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ព្រួតគ្នាប្រើដុំថ្ម និងកាំបិតប៉័ងតោ ដេញគប់ និងកាប់លើជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខផ្សារ K-MALL មហាវិថីចោមចៅ (វេងស្រេង) សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងចាត់ការតាមទោសទណ្ឌ។

administrator

Related Articles