រាជធានីភ្នំពេញ៖ សិស្សានុសិស្សឆ្នើមនិទ្ទេស A ចំនួន ២៥ រូប បានទទួលកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សានៅថ្នាក់មហាវិទ្យាល័យ ពីសាប៊ូ វីសូ ពិសេស ដែលជាម៉ាកផលិតផលរបស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា។ ពិធីដ៏វិសេសវិសាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដោយពោរពេញទៅដោយអារម្មណ៍រំភើប អបអរ មោទនភាព និងក្តីសង្ឃឹមយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ម៉ាកផលិតផលសាប៊ូ វីសូ ពិសេស ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំនៅកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស។

ការអបអរសាទរនៃក្តីស្រមៃ និងការប្តេជ្ញាចិត្ត
វត្តមានសមាជិកគ្រួសារ និងឥស្សរជនជាច្រើនរូបបានចូលរួមអបអរសាទរដល់សមិទ្ធផលសិក្សារបស់សិស្សានុសិស្សឆ្នើមទាំងនេះ ដែលភាគច្រើនមានជីវភាពខ្វះខាត។ ព្រឹត្តិការណ៍នេះបានបង្ហាញនូវសេចក្តីសោមនស្ស និងក្តីសង្ឃឹម ខណៈសិស្សម្នាក់ៗបានឡើងលើវេទិកាផ្ទាល់ ដើម្បីទទួលយកកញ្ចប់ថវិកា និងការទទួលស្គាល់លើការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា និងឡាវ រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ពីគោលជំហរសារជាថ្មីចំពោះសារៈសំខាន់នៃកិច្ចសហការជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងការរៀបចំផែនការអនាគតដល់យុវជនកម្ពុជា។

ការវិនិយោគលើអនាគតភ្លឺត្រចះត្រចង់នៃយុវជនកម្ពុជា
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងការគាំទ្រវិស័យអប់រំនៅកម្ពុជា សាប៊ូ វីសូ ពិសេស បានឧបត្ថម្ភនូវកញ្ចប់ថវិកាចំនួន ៤ លានរៀល សម្រាប់សិស្សនិទ្ទេស A ម្នាក់ៗ សរុប ២៥ រូប។ គោលបំណងគឺដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ពួកគេក្នុងការចាប់ផ្តើមជីវិតជានិស្សិតក្នុងសាកលវិទ្យាល័យ និងបន្តបំពេញក្តីស្រមៃតាមរយៈវិស័យអប់រំ ដោយគ្មានសម្ពាធហិរញ្ញវត្ថុនាពេលចាប់ផ្ដើមដំបូងនៃដំណើរមួយនេះ។

លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា និងឡាវ បានថ្លែងថា៖ «ក្រុមហ៊ុន យូនីលឹវើ កម្ពុជា យើងខ្ញុំជឿជាក់ថា ការទទួលការអប់រំមិនត្រឹមតែជួយត្រួសត្រាយផ្លូវទៅកាន់ឱកាសជាច្រើននោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពជាតិ។ កញ្ចប់ថវិកានេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកយើងក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបញ្ចេញនូវសក្តានុភាពពេញលេញរបស់ពួកគេ»។

ឯកឧត្តម កែ ប៊ុនខៀង មានប្រសាសន៍បន្ថែមថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហការជាដៃគូដ៏អស្ចារ្យមួយនេះ។ នៅពេលដែលអាជីវកម្មនានាដូចជា ក្រុមហ៊ុន យូនីលឹវើ កម្ពុជា មានគំនិតផ្តួចផ្តើមគាំទ្រវិស័យអប់រំ វាសម្តែងជាសារដ៏មានអានុភាពមួយដល់សិស្សានុសិស្សរបស់ពួកយើង ដោយបញ្ជាក់ពីសារៈសំខាន់នៃក្តីស្រមៃរបស់ពួកគេ និងតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងការវិនិយោគលើអនាគតរបស់ពួកគេផងដែរ»។

ក្រុមអ្នកដឹកនាំចម្រុះនាពេលអនាគត
និស្សិតដ៏ឆ្នើមទាំង ២៥ រូបនេះមកពីបណ្តាខេត្តនានាទូទាំងប្រទេស ដោយបុគ្គលនីមួយៗមាននាំនូវបទពិសោធជីវិតផ្ទាល់ពោរពេញដោយភាពតស៊ូ និងឧត្តមភាពផងដែរ។ ឆន្ទៈរួមដែលពួកគាត់មានក្នុងការយកឈ្នះភាពលំបាកទាំងអស់នេះហើយ ដែលឆ្លុះបញ្ចាំងពីគោលជំហរនៃការបង្កើតឲ្យមានការគាំទ្រហិរញ្ញវត្ថុពីសាប៊ូ វីសូ ពិសេស។

និស្សិតឆ្នើមមួយរូបដែលទទួលបានកញ្ចប់ថវិកាបានចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះថា៖ «ការគាំទ្រថវិកាពីសាប៊ូ វីសូ ពិសេស នេះពិតជាមានន័យយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ និងក្រុមគ្រួសារ។ វាពិតជាអាចជួយសម្រាលបន្ទុកដ៏ធ្ងន់មួយនៃការចាប់ផ្ដើមដំណើរថ្មីនេះសម្រាប់ខ្ញុំ ហើយខ្ញុំសន្យាថានឹងប្រើប្រាស់ឱកាសនេះឲ្យអស់ពីសមត្ថភាព និងបង្កើតឲ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរ សម្រាប់ខ្លួនខ្ញុំ និងសម្រាប់ប្រទេសកម្ពុជា»។
ការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការលើកស្ទួយដល់យុវជនកម្ពុជា
កម្មវិធីគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាថ្នាក់មហាវិទ្យាល័យរបស់សាប៊ូ វីសូ ពិសេស នេះ មិនមែនគ្រាន់តែជាការជួយផ្គត់ផ្គង់ និងគាំទ្រដល់យុវជនតែមួយលើកនោះទេ វាជាចក្ខុវិស័យវែងឆ្ងាយមួយ ដើម្បីជួយបណ្តុះបណ្តាលយុវជនឲ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាពក្នុងវិស័យអប់រំ សាប៊ូ វីសូ ពិសេស នឹងបន្តដឹកនាំឲ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរ ដោយប្តេជ្ញាថានឹងលើកស្ទួយដល់យុវជនកម្ពុជា ដែលមានសក្តានុភាពខ្ពស់ ប៉ុន្តែមានជីវភាពខ្វះខាត។
សាប៊ូ វីសូ ពិសេស គឺជាម៉ាកសញ្ញានៃក្រុមហ៊ុន យូនីលឹវើ ចក្រភពអង់គ្លេស ផលិតសម្រាប់តែប្រទេសកម្ពុជា និងឈរនៅទីនេះដោយមោទនភាព ក្នុងនាមជាម៉ាកផលិតផលក្នុងស្រុក។ សាប៊ូ វីសូ ពិសេស ជាផ្នែកមួយនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូនីលឹវើ ចក្រភពអង់គ្លេស ដែលបានបម្រើប្រទេសកម្ពុជាអស់រយៈពេលជាង ២២ ឆ្នាំមកហើយ។ តាមរយៈយុទ្ធនាការជំរុញដោយសហគមន៍ និងផលិតផលដែលមានគុណភាពខ្ពស់ សាប៊ូ វីសូ ពិសេស បន្តធ្វើជាចំណែកនៃការរីកចម្រើនរបស់យុវជនដ៏ពូកែៗ ស្របតាមគោលការណ៍ «ការបង្កើតមួយ សិស្សម្នាក់ អនាគតមួយរួមគ្នា»។ ជាមួយគ្នានេះដែរ សាប៊ូ វីសូ ពិសេស បានផ្ដល់ជូនផលិតផលអនាម័យទៅកាន់សិស្សទាំង ២៥ រូប មានដូចជា ៖ ថ្នាំដុសធ្មេញ Signal, សាប៊ូដុសខ្លួន លុច ចំណុះ 490 មល, សាប៊ូកក់សក់បុរសក្លៀរ ចំណុះ 275មល, សាប៊ូកក់សក់ Sunsilk, សាប៊ូទឹកលាងចានក្រូចឆ្មា, សាប៉ូបោកខោអាវ វីសូ ពិសេស 750 ក្រាម, ទឹកក្រអូប ខមហ្វតអូរ៉ា ចំណុះ 800 មល, សាប៊ូទឹកលាងបង្គន់ វីម ដែលជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងអនាម័យរយៈពេល ១ ឆ្នាំ៕
