ណាហ្គាវើលដ៍ រំលេចកេរដំណែល “ស្រមោលស្បែកធំ” អបអរខួប ២០ឆ្នាំ UNESCO សហការក្រសួងវប្បធម៌!

ណាហ្គាវើលដ៍ រំលេចកេរដំណែល “ស្រមោលស្បែកធំ” អបអរខួប ២០ឆ្នាំ UNESCO សហការក្រសួងវប្បធម៌!

ភ្នំពេញ៖ ណាហ្គាវើលដ៍ រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអង្គការយូណេស្កូ (UNESCO) បានផ្តួចផ្តើមគំនិតរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ហៅម្យ៉ាងទៀតថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរសាទរកេរដំណែលដ៏ចំណាស់ ១០០០ ឆ្នាំនៃសិល្បៈស្បែកធំ និងជាពិសេសគឺដើម្បីអបអរសាទរខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ពិធីសម្ពោធពិព័រណ៍ដ៏អស្ចារ្យនេះ បានប្រព្រឹត្តទៅនៅណាហ្គាវើលដ៍ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការយូណេស្កូ ភ្នំពេញ។

លោក ហាប់ ទូច បានមានប្រសាសន៍ដោយក្ដីរីករាយថា៖ “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះ រាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូបស្បែក រហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណីដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានឈ្វេងយល់”។

សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ។ លោក Pern Chen បានបញ្ជាក់ថា៖ “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិរបស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្តបណ្តុះបណ្តាលទេពកោសល្យ និងអភិរក្សកេរដំណែលវប្បធម៌របស់ខ្មែរ”។

គួររំលឹកផងដែរថា សិល្បៈស្បែកធំស្ទើរតែបាត់បង់ទៅហើយអំឡុងសម័យខ្មែរក្រហម ប៉ុន្តែត្រូវបានអង្គការយូណេស្កូចុះបញ្ជីក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃវប្បធម៌ដ៏អស្ចារ្យរបស់វា។ ទម្រង់សិល្បៈនេះបានរស់រានឡើងវិញដោយសារការប្តេជ្ញាចិត្តថែរក្សារបស់គ្រូស្បែកធំ និងក្រុមការងារ រួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទមហោស្រពក៏ដោយ ក៏ណាហ្គាវើលដ៍បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញតាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត។

ចំណែកលោកស្រី Gabrielle Thiboutot បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ ដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មានសម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ។ លោកស្រីបានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃរបស់ខ្មែរ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់។

ពិព័រណ៍ “ស្រមោលស្បែកធំ” នឹងបន្តដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។ កម្មវិធីនេះស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏មានតម្លៃរបស់ខ្មែរ តាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ឌីជីថល និងការផ្តល់ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានការផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែងដោយសមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាព អមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។

ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ក៏នឹងមានផ្តល់ជូនសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ដែលសាធារណជនអាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែកនោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ជូនការជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និងបទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ជូនដល់សមាគមសិល្បៈសុវណ្ណភូមិ ដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។

ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ជូនបទពិសោធន៍នៃការថតរូបក្នុងទូរសព្ទឆ្លាតវៃជាមួយស្បែកធំផងដែរ។ សាធារណជននឹងទទួលបានបទពិសោធន៍បែបឌីជីថលជាមួយទម្រង់សិល្បៈនេះលើសពីវិចិត្រសាល។

សូមអញ្ជើញពុកម៉ែបងប្អូន និងសាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ស្រមោលស្បែកធំរបស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា។ ចូលរួមដោយសេរី។

**កម្មវិធីសង្ខេប មានដូចខាងក្រោម ៖**
* **ពិព័រណ៍ ៖** រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
* **សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖** ផ្តល់ជូនរៀងរាល់សប្តាហ៍
* **ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖** ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២
(សំបុត្រឥតគិតថ្លៃសម្រាប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២)៕

administrator

Related Articles