ភ្នំពេញ៖ ឆេះឃ្លាំងអេតចាយសន្ធោសន្ធៅនៅដង្កោ ផ្ដើមចេញពីការផ្ទុះកំប៉ុងថ្នាំបាញ់មូស បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ៖ ឆេះឃ្លាំងអេតចាយសន្ធោសន្ធៅនៅដង្កោ ផ្ដើមចេញពីការផ្ទុះកំប៉ុងថ្នាំបាញ់មូស បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច ខណៈមូលហេតុបឋមគឺបណ្ដាលមកពីការផ្ទុះកំប៉ុងថ្នាំបាញ់មូស។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ឃ្លាំងដែលរងការឆាបឆេះនេះ គឺជារបស់ម្ចាស់ឈ្មោះ អ៊ឹម សាវ៉ន ភេទស្រី អាយុ ៤២ឆ្នាំ ដែលមានមុខរបរទិញ-លក់អេតចាយ។ ឃ្លាំងនេះជាប្រភេទសំណង់រោងអេតចាយសង់លើដីឡូត៍ទំហំ ២០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ។

មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងមួយចេញពីខាងក្នុងឃ្លាំង បន្ទាប់មកក៏មានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងលឿន និងសន្ធោសន្ធៅតែម្ដង។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្នើសុំជំនួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹងភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋានបានសហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់រហូតរលត់ទៅវិញជាស្ថាពរ។

ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ត្រូវបានប្រើប្រាស់ រួមមាន រថយន្តការិយាល័យអគ្គិភ័យ ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ ២១ម៉ែត្រគូប។

អគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន រួមមាន ម៉ូតូ ១គ្រឿង និងម៉ូតូរ៉ឺម៉ក ២គ្រឿង តែសំណាងល្អមិនបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សឡើយ។

administrator

Related Articles