ស សុខា ជំរុញពលករខ្មែរនៅថៃ ឲ្យធ្វើដំណើរជាក្រុមពេលត្រឡប់មកវិញ និងប្ដឹងបើមានហេតុការណ៍មិនប្រក្រតី!

ស សុខា ជំរុញពលករខ្មែរនៅថៃ ឲ្យធ្វើដំណើរជាក្រុមពេលត្រឡប់មកវិញ និងប្ដឹងបើមានហេតុការណ៍មិនប្រក្រតី!

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករខ្មែរយើងទាំងអស់ ដែលកំពុងបម្រើការងារនៅប្រទេសថៃ ក្នុងករណីមានបំណងចង់វិលត្រឡប់មកមាតុភូមិវិញ គឺត្រូវតែធ្វើដំណើរជាក្រុមៗ និងត្រូវផ្ដល់ដំណឹងដល់ក្រុមគ្រួសារឲ្យបានដឹងជាមុន។

ការអំពាវនាវដ៏សំខាន់នេះ ធ្វើឡើងក្នុងឱកាសដែលប្រមុខក្រសួងមហាផ្ទៃ អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មាន ជុំវិញករណីដ៏រសើបដែលក្រុមទាហានឈុតខ្មៅថៃ បានរំលោភបំពានលើរាងកាយយុវតីខ្មែរម្នាក់ ក៏ដូចជាស្ថានភាពជនភៀសខ្លួនមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នសុខភាពរបស់ប្អូនស្រីរងគ្រោះ មានភាពល្អប្រសើរជាងមុនបន្តិច បើធៀបនឹងម្សិលមិញ ប៉ុន្តែប្អូនស្រីបានបាត់បង់ការចងចាំមួយចំនួន។
Image related to news

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នាឲ្យសោះ ហើយជាពិសេស គឺត្រូវផ្ដល់ព័ត៌មានឲ្យអ្នកផ្ទះឲ្យបានដឹងមុនថា ខ្ញុំនឹងមកថ្ងៃណាៗ។ បើមានព្រឹត្តិការណ៍ណាមួយខុសប្រក្រតី សុំឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធភ្លាម»។
Image related to news

ឯកឧត្តមអភិសន្ដិបណ្ឌិតបានបន្ថែមថា៖ «យើងកំពុងរហ័សដៃរហ័សជើង ដើម្បីធ្វើការងារនេះបង្ហាញលើឆាកអន្តរជាតិ ខ្ញុំហ៊ាននិយាយថា ជាអំពើស្មោគគ្រោក ដែលយើងមិនអាចទទួលយកបាន ក្នុងនាមជាប្រជាពលរដ្ឋដូចគ្នា»។ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើករណីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
Image related to news

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ផ្សេងទៀត ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ នេះជាការយកចិត្តទុកដាក់ និងបង្ហាញពីការការពារពលរដ្ឋខ្លួនរបស់រដ្ឋាភិបាលកម្ពុជា។

administrator

Related Articles