រន្ធត់! គ្រោះថ្នាក់រថយន្តក្រុងបុកប្រេងនៅអារ៉ាប៊ីសាអូឌីត សម្លាប់អ្នកធម្មយាត្រាឥណ្ឌា ៤៥ នាក់

រន្ធត់! គ្រោះថ្នាក់រថយន្តក្រុងបុកប្រេងនៅអារ៉ាប៊ីសាអូឌីត សម្លាប់អ្នកធម្មយាត្រាឥណ្ឌា ៤៥ នាក់

សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងនៅក្បែរទីក្រុង Medina ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលរថយន្តក្រុងមួយគ្រឿងដឹកអ្នកធ្វើធម្មយាត្រាឥណ្ឌា បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអាក្រក់បណ្ដាលឱ្យមនុស្សយ៉ាងតិច ៤៥ នាក់បានបាត់បង់ជីវិត។ ព័ត៌មានដ៏សោកសៅនេះ ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។

ហេតុការណ៍ដ៏សែនរន្ធត់នេះ បានកើតឡើងរវាងរថយន្តក្រុងដែលកំពុងធ្វើដំណើរពីទីក្រុងពិសិដ្ឋ Mecca ទៅកាន់ទីក្រុង Medina ដោយបានបុកជាមួយរថយន្តដឹកប្រេងយ៉ាងពេញទំហឹង។ ក្នុងចំណោមអ្នកដំណើរទាំងអស់ គេរាយការណ៍ថា មានតែម្នាក់ប៉ុណ្ណោះដែលបានរួចជីវិតពីគ្រោះថ្នាក់នេះ ដែលធ្វើឱ្យវាជាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមការបញ្ជាក់ពីស្នងការប៉ូលិសឥណ្ឌាម្នាក់ ជនរងគ្រោះភាគច្រើនជាពលរដ្ឋមកពីទីក្រុង Hyderabad រដ្ឋ Telangana ប្រទេសឥណ្ឌា។ ជុំវិញសោកនាដកម្មនេះ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងបានបញ្ជាក់ថា ស្ថានទូត និងស្ថានកុងស៊ុលឥណ្ឌាកំពុងធ្វើការសម្របសម្រួលជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់ជំនួយចាំបាច់ដល់ក្រុមគ្រួសាររងគ្រោះ។

គួររំលឹកផងដែរថា ប្រទេសអារ៉ាប៊ីសាអូឌីតតែងតែជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ជាពិសេសករណីដែលពាក់ព័ន្ធនឹងរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រារាប់លាននាក់ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលបុណ្យ Hajj និង Umrah។

សោកនាដកម្មនេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងឥណ្ឌា និងអារ៉ាប៊ីសាអូឌីតនៅតែមានភាពជិតស្និទ្ធយូរអង្វែង ដោយប្រទេសអារ៉ាប៊ីសាអូឌីត គឺជាជម្រករបស់ពលករឥណ្ឌាជាងពីរលាននាក់ និងជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយដល់ប្រទេសឥណ្ឌា។

អត្ថបទ៖ ប៊ុន សុភាព

administrator

Related Articles