ភ្នំពេញ ៖ លោក ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រពហុជំនាញ បានបង្ហោះសារដ៏ខ្លីមួយកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់សង្គមជាតិ។ សារនេះមិនត្រឹមតែអប់រំប៉ុណ្ណោះទេ ថែមទាំងបំភ្លឺដល់ប្រជាពលរដ្ឋឱ្យទទួលយកតែព័ត៌មានពិតផ្លូវការពីស្ថាប័នរដ្ឋ។
លោកបានលើកឡើងថា «បង្រៀនកូនឱ្យមានការរំងាប់ចិត្ត នោះគឺកូនទទួលបានកុសលច្រើនជាងកូនធ្វើបុណ្យលើសពី៧វត្ត!»។ លោក ឆាយ សុផល បានបន្តថា៖ «កូនៗត្រូវចាំ! កាលបើកូនដឹងថា មានគេនិយាយមិនល្អអំពីកូនហើយ កូនត្រូវគិតថា នោះជាសន្តានរបស់គេ ហើយការណ៍ដែលកូនមិននិយាយអាក្រក់អំពីគេវិញ ដោយបន្តការញញឹម រាក់ទាក់ នោះគឺកូនទទួលបានកុសលច្រើនជាងកូនធ្វើបុណ្យលើសពី៧វត្ត!»។
«យ៉ាងណាក៏ដោយ ចូរកូនតោងប្រយ័ត្នពីព័ត៌មានក្លែងក្លាយ ដែលបំផ្លើស បំភ្លៃ បំប៉ោង បន្លំ បង្កាច់បង្ខូច មានចេតនាទុច្ចរិត ដើម្បីបំផ្លាញទាំងកិត្តិយស សេដ្ឋកិច្ច និងនយោបាយ ព្រោះវាអាចបំផ្លាញយើងដែរ»។ សាររបស់លោកបានដាស់តឿនឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានមិនពិត ដែលអាចបង្កផលវិបាកដល់សង្គម។

