ក្ដៅៗ! តុលាការកំពង់ធំ សម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុន ប៉ះពាល់បូរណភាពសព និងបទលួចយ៉ាងឃោរឃៅ

ក្ដៅៗ! តុលាការកំពង់ធំ សម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុន ប៉ះពាល់បូរណភាពសព និងបទលួចយ៉ាងឃោរឃៅ

ខេត្តកំពង់ធំ៖ សាធារណជនបានជ្រាបហើយថា ករណីឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បណ្ដាលឱ្យនារីម្នាក់ឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ ត្រូវបាត់បង់ជីវិតយ៉ាងអណោចអធ័ម។ ក្រោយពីមានករណីនេះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ១៩ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តប៉ៃលិន។ ប្រតិបត្តិការនេះ បានធ្វើឡើងដោយកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាមួយនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

បន្ទាប់ពីបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី ជនត្រូវចោទឈ្មោះ ម៉ន សីហា ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចោទប្រកាន់ជាផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៦៦៤ អ.ក/២០២៥។ បទចោទប្រកាន់រួមមាន «ឃាតកម្មគិតទុកជាមុន, ប៉ះពាល់បូរណភាពនៃសព និងបទលួច» ដែលជាបទល្មើសធ្ងន់ធ្ងរ។

យោងតាមការសួរចម្លើយជនត្រូវចោទ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទរូបនេះ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទល្មើសដែលបានចែងក្នុងមាត្រា ២០០, មាត្រា ២៦១, មាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ន ជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីរង់ចាំចំណាត់ការបន្តតាមផ្លូវច្បាប់។ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់លើបទឧក្រិដ្ឋធ្ងន់ធ្ងរបែបនេះ គឺដើម្បីធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ និងសង្គមជាតិទាំងមូល។

ដោយ៖ តារា

administrator

Related Articles