រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតែងតែបន្តជួយគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា តាមរយៈជំនួយផ្ទាល់។ ជំនួយទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជន ក៏ដូចជាធ្វើឱ្យប្រព័ន្ធថែទាំសុខភាពនៅកម្ពុជាកាន់តែមានភាពធន់ និងរឹងមាំនាពេលកន្លងមក។

ជាការឆ្លើយតប លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក។ លោកស្រីក៏បានជម្រាបជូនអំពីការដាក់ចេញនូវយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) ដែលនឹងត្រូវអនុវត្តតាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធានានូវតម្លាភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីជំនួយបរទេសផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក។ នេះជាផែនការយុទ្ធសាស្ត្រសន្តិសុខសុខភាពសកល និងការបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង។ ក្នុងន័យនេះ លោកស្រីក៏បានស្នើសុំអនុសាសន៍លើសេចក្តីព្រាងកិច្ចព្រមព្រៀងទ្វេភាគីថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។


ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយសង្គ្រោះជីវិត និងអភិវឌ្ឍប្រព័ន្ធសុខភាពប្រកបដោយភាពធន់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំឱ្យមានការពិភាក្សាកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីអាចសម្របសម្រួលតាមគោលដៅថ្មីនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា បានសម្រេចនូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា”។


ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សនាពេលកន្លងមក និងបច្ចុប្បន្ន។ ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុតក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕



