យុវតីពលកររងគ្រោះដោយទាហានឈុតខ្មៅថៃ ពេលនេះសុខភាពល្អប្រសើរ ថ្នាក់ដឹកនាំប្តេជ្ញារកយុត្តិធម៌

យុវតីពលកររងគ្រោះដោយទាហានឈុតខ្មៅថៃ ពេលនេះសុខភាពល្អប្រសើរ ថ្នាក់ដឹកនាំប្តេជ្ញារកយុត្តិធម៌

ក្រុមគ្រួសារយុវតីពលករខ្មែរម្នាក់ដែលបានរងគ្រោះដោយការចាប់រំលោភពីសំណាក់ក្រុមទាហានឈុតខ្មៅថៃ បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់នាងពេលនេះមានភាពល្អប្រសើរឡើងវិញហើយ។ ដំណឹងនេះកើតឡើងចំពេលដែលលោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនដល់យុវតីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ លោកក៏បានលើកទឹកចិត្តដល់យុវតីរងគ្រោះ និងក្រុមគ្រួសារឲ្យមានស្មារតីរឹងមាំឡើងវិញ។ ក្រុមគ្រូពេទ្យនៅតែបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពរបស់នាងកំពុងតែល្អប្រសើរឡើងជាលំដាប់។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានបញ្ជាក់ប្រាប់ជនរងគ្រោះ និងក្រុមគ្រួសារថា រាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃ។

រូបភាពពាក់ព័ន្ធ

បើតាមសមត្ថកិច្ច ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ដែលជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង។ យុវតីរងគ្រោះ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ រួមជាមួយពលករខ្មែរប្រុសស្រីជាង១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ។ ពួកគេត្រូវបានក្រុមទាហានឈុតខ្មៅថៃប្រមាណ៧នាក់ ចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះតែម្តង។ ក្នុងនោះ ក្រុមជនល្មើសក៏បានជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ជុំវិញករណីទាហានឈុតខ្មៅថៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏គ្រោងនឹងដាក់បណ្តឹងទៅប្រទេសថៃ រួមទាំងអន្តរជាតិផងដែរ ក្រោយប្រមូលភស្តុតាងពាក់ព័ន្ធគ្រប់គ្រាន់។ លោក និងភរិយាបានចុះសួរសុខទុក្ខយុវតីពលកររងគ្រោះកាលពីពេលថ្មីៗនេះ។

ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើកងកម្លាំងឈុតខ្មៅថៃទាំង៧នាក់ ដែលបានរួមគ្នារំលោភបំពានលើរាងកាយយុវតីខ្មែរម្នាក់។ CHRC ព្រមទាំងអង្គការសង្គមស៊ីវិល២១៦ស្ថាប័នទៀត បានចាត់ទុកករណីនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងទាមទារឲ្យមានការផ្ដន្ទាទោសលើជនល្មើស ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលជាយុវតីពលករខ្មែរទើបតែមានអាយុ១៨ឆ្នាំ៕

administrator

Related Articles