តាកែវ​លេចធ្លោ! ទទួលបានគម្រោងវិនិយោគថ្មី ១៥៣​ ក្នុង ១០ខែ ឆ្នាំ២០២៥នេះ

តាកែវ​លេចធ្លោ! ទទួលបានគម្រោងវិនិយោគថ្មី ១៥៣​ ក្នុង ១០ខែ ឆ្នាំ២០២៥នេះ

ខេត្តតាកែវ បន្តឆ្ពោះទៅមុខយ៉ាងលឿនលើវិស័យវិនិយោគ! លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងឱ្យដឹងថា ត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវបានទទួលគម្រោងវិនិយោគថ្មីៗសរុប ១៥៣ គម្រោង ដែលក្នុងនោះ ១៤៩ គម្រោង បានសាងសង់រួចរាល់ និងបានចាប់ផ្ដើមដំណើរការហើយ។ រោងចក្រទាំងនេះភាគច្រើនវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

ការលើកឡើងដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកអភិបាលបានសង្កត់ធ្ងន់ថា ខេត្តតាកែវពិតជាមានសក្តានុពលខ្ពស់ និងមានភាពអំណោយផលល្អសម្រាប់បរិយាកាសវិនិយោគ។ បច្ចុប្បន្ន ខេត្តនេះមានរោងចក្រ សហគ្រាសកំពុងដំណើរការសរុបចំនួន ៨១៩ កន្លែង ដែលបានផ្ដល់ការងារដល់កម្មករនិយោជិតសរុបជាង ១២ម៉ឺននាក់ (ក្នុងនោះស្រី្តជាង ៨ម៉ឺននាក់)។ ក្នុងចំណោមនោះ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមាន ១៣៥ សហគ្រាស ដែលមានកម្មករនិយោជិតជាង ១០ម៉ឺននាក់ រីឯវិស័យផ្សេងៗក្រៅពីកាត់ដេរ មាន ៦៨៤ សហគ្រាស ជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់។

លោកអភិបាលខេត្តក៏បានបន្ថែមថា ចំពោះរោងចក្រធុនធំវិញ ទាំងដែលកំពុងសាងសង់ និងកំពុងដំណើរការ មានចំនួន ១៩៧ រោងចក្រ ដោយមានកម្លាំងពលកម្មសរុបជិត ៩ម៉ឺននាក់ (ស្រី្តជាង ៦ម៉ឺននាក់)។ រីឯសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម កំពុងដំណើរការមានចំនួន ៧៦៨ មូលដ្ឋាន ដែលមានកម្លាំងពលកម្មសរុបជាង ១ម៉ឺននាក់។ ទាក់ទងនឹងគម្រោងវិនិយោគថ្មីៗនេះ តាមរយៈអនុគណកម្មាធិការខេត្ត ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ បានសម្រេចចុះបញ្ជីវិនិយោគជូនក្រុមហ៊ុនចំនួន ៤៥ ដោយប្រើប្រាស់ទុនវិនិយោគសរុបជាង ១៤៨ លានដុល្លារអាម៉េរិក។ គម្រោងទាំងនោះរួមមាន៖ ការផលិតគ្រឿងសង្ហារឹម សម្ភារៈផ្ទះបាយ សម្ភារៈវេចខ្ចប់ សម្លៀកបំពាក់ ឧបករណ៍ហាត់ប្រាណ ប្លាស្ទិក ខ្សែហ្វ្រាំង និងហ្គ័រសម្រាប់រថយន្ត ម៉ូតូ និងកង់ជាដើម។ សរុបជារួម ក្នុងរយៈពេល១០ខែនេះ តាមរយៈការផ្ដល់ការចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណកម្មាធិការខេត្ត បានធ្វើឱ្យខេត្តតាកែវទទួលបានរោងចក្រថ្មីប្រមាណ ១៥៣ គម្រោង ដែលក្នុងនោះ ១៤៩ គម្រោងបានសាងសង់រួចរាល់ហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៧៥ គម្រោង ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ៩,២ ពាន់លានដុល្លារអាម៉េរិក។ ចំនួននេះបានកើនឡើង ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងជិត ៣,៧ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

administrator

Related Articles