ភ្ញៀវទេសចរជាង ២ពាន់នាក់ ជិះនាវា WESTERDAM របស់ហូឡង់ ចូលចតនៅកម្ពុជា!

ភ្ញៀវទេសចរជាង ២ពាន់នាក់ ជិះនាវា WESTERDAM របស់ហូឡង់ ចូលចតនៅកម្ពុជា!

(ខេត្តព្រះសីហនុ)៖ ដំណឹងរីករាយសម្រាប់វិស័យទេសចរណ៍កម្ពុជា! កំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ ព្រឹក នាវាទេសចរណ៍ខ្នាតយក្ស WESTERDAM របស់សញ្ជាតិហូឡង់ ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកសរុបជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

នាវា WESTERDAM ដ៏ធំសម្បើមមួយនេះ មានប្រវែងបណ្តោយរហូតដល់ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ និងជម្រៅ ៨,១០ ម៉ែត្រ។ ការចូលចតនេះ គឺក្នុងគោលបំណងឱ្យភ្ញៀវទេសចរណ៍មកទស្សនាប្រទេសកម្ពុជាយើង រយៈពេលមួយថ្ងៃពេញ បន្ទាប់ពីនាវាបានចេញដំណើរមកពីប្រទេសវៀតណាម។

សម្រាប់នាវាទេសចរណ៍ដ៏ប្រណីតមួយនេះ គឺមាននាវិកសរុបចំនួន ៨០៤ នាក់ (ក្នុងនោះមានស្រី ១៥៦ នាក់) ដែលមកពី ៣៩ សញ្ជាតិខុសៗគ្នា។ ចំណែកភ្ញៀវទេសចរវិញ មានចំនួនសរុប ១,៨៥០ នាក់ (ក្នុងនោះមានស្រី ៩៩២ នាក់) ដែលមកពី ៤៣ សញ្ជាតិឯណោះ។

ក្នុងចំណោមសញ្ជាតិទាំងអស់ ភ្ញៀវទេសចរណ៍ដែលមានចំនួនច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ដែលបង្ហាញពីប្រជាប្រិយភាពនៃគោលដៅទេសចរណ៍កម្ពុជា។ នេះជាសញ្ញាល្អមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃស្វែងយល់ពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា នាវាទេសចរណ៍ WESTERDAM នឹងត្រូវចាកចេញទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែលនេះ។

វត្តមាននៃនាវាទេសចរណ៍ខ្នាតធំនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ប្រភព៖ កំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ

administrator

Related Articles