រឿងរ៉ាវពាក់ព័ន្ធនឹងជំហរ និងពាក្យសម្ដីរបស់លោក អនុទីន ឆានវីរៈគុល ដែលបានបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កំពុងតែបន្តផ្ទុះកក្រើក និងក្លាយជាប្រធានបទក្ដៅគគុកនៅក្នុងប្រទេសថៃ។ តាមពីក្រោយនូវពាក្យសម្ដីនេះ មន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូប បាននាំគ្នាសម្រុកចេញមុខរិះគន់លោក អនុទីន ជាបន្តបន្ទាប់។
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន ឆានវីរៈគុល បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំលែងខ្វល់ពីកិច្ចចរចាពាណិជ្ជកម្ម ឬពន្ធគយជាមួយសហរដ្ឋអាមេរិកទៀតហើយ។ ប្រសិនបើយើងមិនអាចលក់ទំនិញទៅប្រទេសនេះបានទេ យើងនឹងរកទីផ្សារផ្សេងលក់ជំនួសវិញ»។ ពាក្យសម្ដីដ៏មុះមុតនេះ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មន្ត្រីរដ្ឋាភិបាលថៃ។
ដំបូងគេបង្អស់គឺលោកស្រី សុផាជី សុថាំផាន (Suphajee Suthumpun) រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ដែលបានចេញមុខបដិសេធជាសាធារណៈនូវការលើកឡើងរបស់លោក អនុទីន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា៖ «សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ថៃ។ ប្រទេសថៃប្ដេជ្ញាចំពោះទំនាក់ទំនងល្អ ប្រកបដោយតុល្យភាព និងកិច្ចសហប្រតិបត្តិការជាបន្ត»។

មិនយូរប៉ុន្មាន លោក សុខស៊ីត ស្រីជោមក្វាន់ (Suksit Sreejomkhwan) អ្នកនាំពាក្យគណបក្សភឿថៃ ក៏បានចូលរួមរិះគន់ផងដែរ ដោយហៅសម្ដីរបស់លោក អនុទីន ថាជា «សារដែលច្របូកច្របល់ និងក្មេងខ្ចី»។ លោកបានបន្ថែមទៀតថា ការថ្លែងបែបនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសថៃ និងធ្វើឲ្យជំហររបស់ប្រទេសថៃចុះខ្សោយនៅលើឆាកការទូតអន្តរជាតិ។
លើសពីនេះ មន្ត្រីមួយចំនួនក្នុងជួរគណបក្សប្រជាជនថៃ ក៏បានស្ដីបន្ទោសលោក អនុទីន ផងដែរថា កំពុងសាងកំហុសយុទ្ធសាស្ត្រ ដែលអាចនាំឲ្យកិច្ចចរចាពាណិជ្ជកម្មរបស់ថៃត្រូវផ្អាក។ ពួកគេយល់ឃើញថា អាមេរិកគួរតែប្រើប្រាស់រឿងនេះដើម្បីដាក់សម្ពាធលើកម្ពុជាវិញទើបត្រឹមត្រូវ។
ជាចុងក្រោយ លោក ឈូលាផាន់ អាម៉នវីវ៉ាត (Chulaphan Amornvivat) មេបក្សភឿថៃ បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ដោយសង្កត់ធ្ងន់ថា អភិបាលកិច្ចជាតិត្រូវតែផ្អែកលើការគិតប្រកបដោយភាពចាស់ទុំ និងការវាយតម្លៃស្ថានការណ៍ទូលំទូលាយ មិនមែនផ្អែកលើការឆ្លើយតបតាមអារម្មណ៍ ឬពាក្យសម្ដីដែលមិនបានថ្លឹងថ្លែងនោះទេ។ លោកបញ្ជាក់ថា ពាក្យសម្ដីរបស់ថ្នាក់ដឹកនាំ មិនមែនគ្រាន់តែឆ្លុះបញ្ចាំងពីគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជំហររបស់ប្រទេសថៃទាំងមូលចំពោះសហគមន៍អន្តរជាតិទៀតផង។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍ថ្មីៗនេះ បានគូសបញ្ជាក់ពីកង្វះខាតនៃទំនាក់ទំនងដោយប្រុងប្រយ័ត្ន និងការប្រើប្រាស់ពាក្យសម្ដីមិនចេះគិត ដែលអាចបង្កជាផលវិបាកធ្ងន់ធ្ងរទាំងផ្នែកការទូត និងសេដ្ឋកិច្ច។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនធ្វើបាតុកម្មនៅស្ថានទូតអាមេរិក, Jatuporn Prompan ប្រកាសថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការ»
