រថយន្តដឹកមនុស្ស៤នាក់ ច្រឡំផ្លូវ ក្រឡាប់បះជើងជិតធ្លាក់ចូលទន្លេ តែសំណាងល្អ!

រថយន្តដឹកមនុស្ស៤នាក់ ច្រឡំផ្លូវ ក្រឡាប់បះជើងជិតធ្លាក់ចូលទន្លេ តែសំណាងល្អ!

កំពង់ចាម-ត្បូងឃ្មុំ៖ រថយន្តម៉ាក Highlander មួយគ្រឿង ដែលដឹកមនុស្ស ៤ នាក់ ចេញពីកម្មវិធីមង្គលការ សង្ស័យបើកបរច្រឡំផ្លូវ ក៏ជ្រុលចង្កូតធ្លាក់ច្រាំងទន្លេ ក្រឡាប់បះជើងទ្រមេឃគួរឱ្យភ្ញាក់ផ្អើល។ សំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចកំពង់ដរចាស់កោះពីរ ឃុំកោះ២ ស្រុកក្រូចឆ្មារ ដែលជាផ្លូវត្រូវឆ្លងមកកំពង់ដរមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា រថយន្តម៉ាក Highlander ខាងលើ គឺបើកបរដោយឈ្មោះ ណាន វិបុល ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅគីឡូម៉ែត្រលេខ ៤៤ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងរថយន្តនេះ មានអ្នករួមដំណើរចំនួន ៣ នាក់ផ្សេងទៀត បូករួមទាំងអ្នកបើកបរ សរុបទាំងអស់ ៤ នាក់ ក្នុងនោះមានស្រី្ត ២ នាក់។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាក Highlander នេះបានបើកបរឆ្លងកំពង់ចម្លងមាន់ហើរ ឆ្ពោះទៅចូលរួមមង្គលការសាច់ញាតិនៅភូមិបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ។ កោះនេះត្រូវបានហ៊ុំព័ទ្ធដោយទឹកទន្លេក្នុងរដូវវស្សា ហើយការឆ្លងកាត់ត្រូវធ្វើឡើងតាមរយៈកាណូត។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពីពិធីមង្គលការរួច រថយន្តខាងលើបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានជ្រុលចង្កូតធ្លាក់ច្រាំងទន្លេ បណ្ដាលឱ្យក្រឡាប់បះជើងទ្រមេឃ ស្ទើរតែធ្លាក់ចូលក្នុងទន្លេ។ សំណាងល្អ ត្រូវបានបាវខ្សាច់យក្សជាច្រើនទប់ពីខាងក្រោម ទើបមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បើសិនជារថយន្តនេះក្រឡាប់មួយជុំទៀត ពិតជាធ្លាក់ចូលទឹកទន្លេជាក់ជាពុំខាន ហើយមនុស្សនៅក្នុងរថយន្តក៏អាចជួបគ្រោះថ្នាក់ដែរ ព្រោះហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨ យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាកន្លែងស្ងាត់ និងគ្មានផ្ទះប្រជាពលរដ្ឋនៅមាត់ទន្លេនោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីកើតហេតុភ្លាមៗ អ្នកនៅក្នុងរថយន្តបានព្យាយាមបើកទ្វារចេញមកក្រៅ និងទូរសព្ទប្រាប់ទៅសាច់ញាតិ។ ក្រោយមកដំណឹងនេះក៏បានដឹងដល់សមត្ថកិច្ច ហើយបានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុទាំងយប់។ ចំពោះរថយន្តដែលក្រឡាប់នេះ ម្ចាស់នឹងឱ្យសាឡាងមកស្ទូចយកទៅជួសជុលនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា។ សមត្ថកិច្ចបានលើកឡើងថា នៅពេលល្ងាច ម្ចាស់រថយន្តបានបើកបរតាមផ្លូវថ្មីដែលជាកំពង់ចម្លង ប៉ុន្តែដល់ពេលយប់អាចអ្នកបើកបរច្រឡំផ្លូវ ទើបបណ្ដាលឱ្យជួបហេតុការណ៍បែបនេះតែម្ដង។ សូមបញ្ជាក់ផងដែរថា ចំណុចកំពង់ដរចាស់កោះពីរនេះ ត្រូវបានទឹកទន្លេមេគង្គហូរច្រោះបាក់ ហើយត្រូវបានថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់រៀបចំបាវខ្សាច់យក្សទប់លំនឹង ដោយចំណាយប្រាក់អស់ជាង ៣ ម៉ឺនដុល្លារ។

administrator

Related Articles