រថយន្ត Highlander ដឹក៤នាក់ ក្រឡាប់បះជើង ប៊ិះធ្លាក់ទន្លេ ក្រោយចេញពីពិធីមង្គលការនៅត្បូងឃ្មុំ!

រថយន្ត Highlander ដឹក៤នាក់ ក្រឡាប់បះជើង ប៊ិះធ្លាក់ទន្លេ ក្រោយចេញពីពិធីមង្គលការនៅត្បូងឃ្មុំ!

ខេត្តត្បូងឃ្មុំ ៖ រថយន្តមួយគ្រឿងម៉ាក Highlander ដឹកមនុស្ស ៤នាក់ បានបើកបរជ្រុលចង្កូតធ្លាក់ច្រាំងទន្លេក្រឡាប់បះជើងទ្រមេឃ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីចេញពីពិធីមង្គលការមួយនៅស្រុកក្រូចឆ្មារ។ ហេតុការណ៍នេះ សំណាងល្អមិនបណ្តាលឲ្យមនុស្សទាំង ៤នាក់រងរបួសឡើយ ខណៈរថយន្តប៊ិះធ្លាក់ចូលទន្លេ បើគ្មានបាវខ្សាច់យក្សទប់ជាប់នោះ។

រថយន្តក្រឡាប់

មន្ត្រីអាជ្ញាធរស្រុកបានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកាថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចកំពង់ដចាស់កោះ២ ឃុំកោះ២ ស្រុកក្រូចឆ្មារ ដែលជាតំបន់ត្រូវឆ្លងមកកំពង់ដរមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

រថយន្តក្រឡាប់នៅមាត់ទន្លេ

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៥ ថា រថយន្ត Highlander នេះបើកបរដោយឈ្មោះ ណាន វិបុល ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅគីឡូម៉ែត្រលេខ ៤៤ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងរថយន្តមានអ្នករួមដំណើរ ៣នាក់ផ្សេងទៀត បូកទាំងអ្នកបើកបរ សរុប ៤នាក់ ក្នុងនោះមានស្រី ២នាក់។

ស្ថានភាពរថយន្ត

មុនកើតហេតុ រថយន្តបានបើកឆ្លងកំពង់ចម្លងមាន់ហើរ ឆ្ពោះទៅចូលរួមពិធីមង្គលការសាច់ញាតិនៅភូមិបីពៃ ឃុំកោះ២ ស្រុកក្រូចឆ្មារ។ ក្រោយពីហូបការរួច រថយន្តបានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតធ្លាក់ច្រាំងទន្លេ បណ្តាលឲ្យក្រឡាប់បះជើងទ្រមេឃតែម្តង។

ការពិនិត្យនៅកន្លែងកើតហេតុ

សមត្ថកិច្ចបន្តថា ឧបទ្ទវហេតុនេះប៊ិះធ្លាក់ចូលទឹកទន្លេ បើគ្មានបាវខ្សាច់យក្សដែលថ្នាក់ដឹកនាំខេត្តបានរៀបចំទប់កុំឲ្យបាក់ច្រាំងកាលពីមុនមកនោះទេ។ បើមិនដូច្នោះទេ អ្នកជិះក្នុងរថយន្តអាចនឹងរងគ្រោះថ្នាក់ជាក់ជាពុំខានឡើយ ព្រោះជាកន្លែងស្ងាត់នៅមាត់ទន្លេ ហើយកើតហេតុនៅវេលាម៉ោង ៨យប់។

មន្ត្រីចុះពិនិត្យ

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុ មនុស្សទាំង ៤នាក់បានព្យាយាមបើកទ្វាររថយន្តចេញមកក្រៅ ហើយទូរស័ព្ទប្រាប់សាច់ញាតិ រហូតដល់សមត្ថកិច្ចចុះទៅពិនិត្យទាំងយប់។ ចំពោះរថយន្តក្រឡាប់នេះ ម្ចាស់នឹងឲ្យសាឡាងមកស្ទូចយកទៅជួសជុលនៅរសៀលថ្ងៃទី១៧ វិច្ឆិកា។ សមត្ថកិច្ចបានលើកហេតុផលថា អ្នកបើកបរអាចច្រឡំផ្លូវនៅពេលយប់ ទើបបណ្តាលឲ្យជួបហេតុការណ៍បែបនេះ។

administrator

Related Articles