វិស័យឯកជនចាប់ដៃជាមួយក្រសួងការងារ បង្កើតឱកាសការងារជាង១ម៉ឺនកន្លែងជូនអតីតពលករខ្មែរត្រឡប់ពីថៃនៅបាត់ដំបង!

វិស័យឯកជនចាប់ដៃជាមួយក្រសួងការងារ បង្កើតឱកាសការងារជាង១ម៉ឺនកន្លែងជូនអតីតពលករខ្មែរត្រឡប់ពីថៃនៅបាត់ដំបង!

ខេត្តបាត់ដំបង ៖ វិស័យឯកជនជាច្រើនបានបង្ហាញក្ដីរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការស្វែងរក និងផ្ដល់ឱកាសការងារជូនបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។ ការចូលរួមនេះ មិនត្រឹមតែជួយសម្រួលបន្ទុកដល់ពលករទេ តែថែមទាំងជួយឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានា អាចស្វែងរកកម្លាំងពលកម្មបានយ៉ាងងាយស្រួលផងដែរ។

ការបង្ហាញក្ដីរីករាយនេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ» រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯខេត្តបាត់ដំបង។ ពិព័រណ៍នេះបាននាំមកនូវឱកាសការងារជាង ១,១ម៉ឺនកន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗចំនួន ១៧ ដែលបានមកធ្វើការសម្ភាស និងជ្រើសរើសបុគ្គលិកដោយផ្ទាល់។

ថ្លែងក្នុងពិធីនោះ អ្នកស្រី ចាន់ វាសនា តំណាងរោងចក្រកាត់ដេរបូ​វ​ឃើ​រ បានសម្តែងនូវក្តីសប្បាយរីករាយជាខ្លាំង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្នុងការផ្តល់ការងារជូនអតីតពលករ។ អ្នកស្រីបញ្ជាក់ថា រោងចក្រដែលមានទីតាំងនៅខេត្តកណ្ដាល កំពុងត្រូវការកម្មករប្រមាណ ១,០០០ នាក់ ដោយមិនប្រកាន់ថាចេះដេរ ឬមិនចេះដេរនោះទេ ព្រោះរោងចក្រមានក្រុមការងារបង្រៀនបន្ថែមមុនចូលបម្រើការងារ។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «កម្មវិធីថ្ងៃនេះមានប្រភេទការងារជាច្រើនដូចជា រោងចក្រកាត់ដេរ សំណង់ និងកសិកម្ម។ ដូច្នេះ បើសិនជាបងប្អូនស្រឡាញ់វិស័យកាត់ដេរ អាចទាក់ទងខាងរោងចក្រកាត់ដេរបាន។ បើគិតថាខ្លួនសមនឹងវិស័យសំណង់ ក៏អាចទាក់ទងក្រុមការងារខាងសំណង់បានដែរ ហើយប្រសិនបើបងប្អូនយល់ថាស័ក្តិសមនឹងវិស័យកសិកម្ម យើងក៏មានក្រុមការងារខាងកសិកម្មផងដែរ។ ឱ្យតែបងប្អូនចូលរួមពិព័រណ៍នេះ នឹងអាចទទួលបានឱកាសការងារធ្វើជាមិនខាន»។

ជាមួយគ្នានេះ អ្នកស្រី ចាន់ វាសនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធនានា ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការស្វែងរកការងារជូនបងប្អូនអតីតពលករដែលបានត្រឡប់មកពីប្រទេសថៃ។

ងាកមកលោក ភេន សុផល តំណាងក្រុមហ៊ុន គីម ម៉ិច ដែលជាក្រុមហ៊ុនផ្នែកសំណង់ បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានទីតាំងនៅរាជធានីភ្នំពេញ និងកំពុងមានតម្រូវការកម្មករជាច្រើននាក់ ចាប់តាំងពីកម្មករធម្មតា មេក្រុម រហូតដល់មេជាង។ លោកក៏បានបង្ហាញក្ដីរីករាយដែលបានចូលរួមចំណែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយស្វែងរកការងារជូនបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

លោក ភេន សុផល បានលើកឡើងថា៖ «ពិតជាល្អណាស់! ក្រសួងការងារបានរៀបចំកម្មវិធីនេះមកដល់ស្រុកតែម្ដង គឺមានន័យថាបានមកដល់ផ្ទះបងប្អូនហើយ។ ដូច្នេះ បានបញ្ជ្រាបព័ត៌មានដល់បងប្អូនដែលបានត្រឡប់មកពីប្រទេសគេវិញ។ បើសិនមិនទាន់មានការងារធ្វើទេ សូមបងប្អូនមេត្តាទំនាក់ទំនងទៅក្រសួងការងារ ជាពិសេស ទីភ្នាក់ងារជាតិមុខរបរ និងការងារផ្ទាល់តែម្ដង»។

តំណាងក្រុមហ៊ុន គីម ម៉ិច រូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារដ៏មានសារៈសំខាន់នេះឡើង ដែលបានផ្ដល់ភាពងាយស្រួលទាំងដល់បងប្អូនអតីតពលករដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាជួយសម្រួលដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្នុងការស្វែងរកបុគ្គលិក និងកម្មករផងដែរ។

administrator

Related Articles