បាត់ដំបង៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏សកម្មមួយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីនេះ ក្នុងបទល្មើសជាក់ស្ដែង ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន ចេក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វត្ថុតាងដែលចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន១១ថង់ សង្ស័យមានសារធាតុញៀន។
– សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហឿន ចេក រូបនេះ គឺជាមុខសញ្ញាចាស់ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩៥៧ ត.ព្រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់លោក ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ដោយ៖ វណ្ណា
