ចិន-ឥណ្ឌា សម្រុកទិញប្រេងឆៅបន្ថែមក្បែរតម្លៃធ្លាក់ចុះខ្លាំង ដោយសារការផ្គត់ផ្គង់លើសតម្រូវការទីផ្សារសកល

ចិន-ឥណ្ឌា សម្រុកទិញប្រេងឆៅបន្ថែមក្បែរតម្លៃធ្លាក់ចុះខ្លាំង ដោយសារការផ្គត់ផ្គង់លើសតម្រូវការទីផ្សារសកល

ចិន និងឥណ្ឌាកំពុងបង្កើនការទិញប្រេងឆៅយ៉ាងគំហុក ខណៈការផ្គត់ផ្គង់លើសតម្រូវការសកលកំពុងកើនឡើង ដែលជាកត្តាជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពាណិជ្ជកម្មអនាមិក។

ប្រទេសនាំចូលប្រេងធំៗទាំងពីរនេះ ភាគច្រើនបានងាកទៅរកការទិញប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា ដោយទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស។ ក្នុងនោះ ប្រទេសចិនបានក្លាយជាអ្នកទិញច្រើនជាងគេ ខណៈឥណ្ឌាក៏បានបង្កើនបរិមាណទិញរបស់ខ្លួនបន្តិចបន្តួចផងដែរ ចាប់តាំងពីដើមខែនេះមក។

កាលពីខែវិច្ឆិកា ប្រេងសំខាន់ៗដែលចិន និងឥណ្ឌាបានបោះទុនទិញរួមមាន ប្រេងពីតំបន់ Upper Zakum របស់អារ៉ាប់រួម និងប្រេងឆៅគុយវ៉ែតជាដើម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាក៏បានពង្រីកការទិញរបស់ខ្លួនទៅលើប្រេងឆៅអាហ្វ្រិកខាងលិច និងប្រេងឆៅកាតាមួយចំនួនទៀតផង។

លោក Manoj Heda អ្នកជំនាញទីផ្សារមកពីក្រុមហ៊ុន Bharat Petroleum បានលើកឡើងថា ការផ្គត់ផ្គង់ប្រេងនៅក្នុងទីផ្សារបច្ចុប្បន្នមានច្រើនលើសលប់ ប៉ុន្តែតម្រូវការខ្លាំងបំផុតគឺផ្តោតសំខាន់តែលើប្រទេសចិន និងឥណ្ឌាប៉ុណ្ណោះ។

គួររំលឹកផងដែរថា ចិន និងឥណ្ឌាគឺជាអតិថិជនដ៏ធំរបស់ប្រេងឆៅរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី ប្រទេសទាំងពីរបាននិងកំពុងរងគំនាបពីទណ្ឌកម្មប្រេងរុស្ស៊ីរបស់សហរដ្ឋអាមេរិក ដែលជាហេតុធ្វើឱ្យពួកគេងាកចេញពីការទិញប្រេងពីរុស្ស៊ីមួយរយៈ។

យ៉ាងណាមិញ កាលពីខែមុន អ្នកទិញប្រេងរបស់ឥណ្ឌាបានបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ីជាថ្មីម្តងទៀត មុនពេលកញ្ចប់ទណ្ឌកម្មថ្មីរបស់អាមេរិកចូលជាធរមានពេញលេញ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតនៅហ្វាំងឡង់។

administrator

Related Articles