នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសអាសន្ន ដោយព្រមានពីខេត្តចំនួន៤០ ដែលនឹងត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ នេះកើតឡើង ខណៈឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន បានរុញច្រានអាកាសធាតុមិនស្ថិតស្ថេរចូលមកតំបន់ភាគខាងលើនៃប្រទេសថៃ ស្របពេលដែលខេត្តមួយចំនួនធំកំពុងតែរងគ្រោះដោយទឹកជំនន់រួចទៅហើយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន Khaosod កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។

ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា សម្ពាធអាកាសធាតុនេះ ត្រូវបានព្យាករណ៍ថានឹងគ្របដណ្ដប់ទូទាំងប្រទេសថៃ ដែលនឹងនាំមកនូវភាពត្រជាក់ និងស្ថានភាពអាកាសធាតុអាក្រក់នានា។ អ្វីដែលគួរឲ្យបារម្ភនោះគឺ ការព្រមាននេះធ្វើឡើងស្របពេលខេត្តជាច្រើនកំពុងជួបប្រទះនឹងទឹកជំនន់រួចជាស្រេច ដោយសារភ្លៀងធ្លាក់ជោកជាំកាលពីពេលកន្លងទៅ បណ្ដាលឲ្យទឹកទន្លេជន់លិចផ្លូវថ្នល់ និងតំបន់សហគមន៍ជាច្រើនត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ មន្ត្រីថៃកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា ភ្លៀងធ្លាក់ជាថ្មីនេះ នឹងធ្វើឲ្យស្ថានការណ៍ទឹកជំនន់ កាន់តែអាក្រក់ឡើងថែមទៀត។

ចំណែកឯនៅភាគខាងត្បូងវិញ ព្យុះផ្គររន្ទះត្រូវបានគេរំពឹងថានឹងបន្តកើតមាន ដោយមានកម្ពស់រលកសមុទ្រអាចឡើងដល់ ២ ម៉ែត្រនៅក្នុងឈូងសមុទ្រថៃ ហើយអាចខ្ពស់ជាងនេះនៅក្នុងតំបន់ដែលមានព្យុះខ្លាំង។ អាជ្ញាធរបានអំពាវនាវឲ្យអ្នកនេសាទ និងអ្នកបើកបរទូកទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរចេញទៅសមុទ្រក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះ។

សម្រាប់រាជធានីបាងកក និងខេត្តក្បែរៗ ក៏នឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះផងដែរ ខណៈអាជ្ញាធរថៃកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។ ប្រជាពលរដ្ឋទូទាំងប្រទេសថៃ ត្រូវបានណែនាំឲ្យត្រៀមលក្ខណៈ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះការប្រែប្រួលអាកាសធាតុអាចបណ្ដាលឲ្យមានទឹកជំនន់កាន់តែធ្ងន់ធ្ងរ។
