ទឹកជំនន់លិចដល់ក! ប្រជាជនអយុធ្យាផ្ទុះកំហឹងនឹងរដ្ឋាភិបាលថៃ ក្រោយរងទុក្ខ៣ខែ និងសពកើនដល់១៩នាក់

ទឹកជំនន់លិចដល់ក! ប្រជាជនអយុធ្យាផ្ទុះកំហឹងនឹងរដ្ឋាភិបាលថៃ ក្រោយរងទុក្ខ៣ខែ និងសពកើនដល់១៩នាក់

ប្រជាជននៅខេត្តអយុធ្យា ប្រទេសថៃ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលថៃ ដែលមិនបានធ្វើសកម្មភាពទាន់ពេល ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះអស់រយៈពេល៣ខែមកហើយ។ ពួកគេថែមទាំងបានចោទសួរថា៖ «តើការបញ្ចេញទឹកយ៉ាងគំហុកពីទំនប់ចៅប្រាយ៉ា ចង់លុបបំបាត់ពួកយើងចេញពីផែនទី ឬយ៉ាងណា?»

អ្នកភូមិម្នាក់ឈ្មោះ លោក Jongrak Klaipop អាយុ៥៦ឆ្នាំ បានប្រាប់សារព័ត៌មាន Khaosod កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ផ្ទះរបស់គាត់ត្រូវទឹកលិចអស់រយៈពេល៣ខែមកហើយ ដូច្នេះគាត់ត្រូវបង្ខំចិត្តរស់នៅក្នុងស្ថានភាពដ៏លំបាកនេះ។ លោកបន្តថា ទោះបីជាមិនអាចទទួលយកបានក៏ដោយ ក៏ត្រូវតែទទួលយកដែរ។ អ្នកខ្លះត្រូវដេកតាមផ្លូវ ចំណែកអ្នកខ្លះទៀតទៅដេកផ្ទះបងប្អូន ពិតជាវេទនាខ្លាំងណាស់។

ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តអយុធ្យា នៅតែបន្តអាក្រក់ខ្លាំង ខណៈតួលេខមនុស្សស្លាប់បានកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា។

ជនរងគ្រោះទាំង១៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងស្រុក Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya និង Bang Pa-in។

ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាយទឹកក្នុងកម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលធ្វើឲ្យទឹកហូរបុកមកខេត្តអយុធ្យា បណ្តាលឲ្យជន់លិចផ្ទះជាង ៦០ ០០០ខ្នង។ បន្ថែមពីលើការស្លាប់ ទឹកជំនន់ក៏បានប៉ះពាល់ដល់មនុស្ស ៦២ ៤៥០គ្រួសារ នៅក្នុង៨៨៩ភូមិ និង១៣៦ឃុំ នៃ១១ស្រុកផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles