ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដោយនារីខ្មែរជាពលករម្នាក់ ក្នុងចំណោមពលករជាង ១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងឃោរឃៅ ខណៈពេលពួកគាត់កំពុងចាកចេញពីប្រទេសថៃដើម្បីឆ្លងដែនចូលមកកាន់កម្ពុជា។ បន្ទាប់ពីមកដល់កម្ពុជា នារីរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌។
ជុំវិញករណីនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃតាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ដោយធ្វើបណ្តឹងទៅកាន់ស្ថាប័នចំនួន៣ រួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិថៃ, តាមរយៈស្ថានទូត និងតាមរយៈអង្គការអន្តរជាតិ។ គោលបំណងសំខាន់គឺដើម្បីឱ្យសមត្ថកិច្ចថៃ តាមចាប់ជនប្រព្រឹត្តល្មើសទាំង៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់យកមកអនុវត្តទោសតាមច្បាប់។ លោកបានសង្កត់ធ្ងន់ថា នេះជាអំពើដែលមិនអាចទទួលយកបានដាច់ខាត ដូច្នេះកម្ពុជាទទូចយ៉ាងទទូចឱ្យសមត្ថកិច្ចថៃ ចាប់ខ្លួនជនល្មើសទាំងនោះមកផ្តន្ទាទោស និងប្រកាសជាសាធារណៈ ដើម្បីឱ្យពិភពលោកបានដឹងថា ខ្លួនបានចាត់វិធានការទៅលើកងកម្លាំងរបស់ខ្លួនដែលបានប្រព្រឹត្តបទល្មើស។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មានជុំវិញករណីរំលោភបំពានផ្លូវកាយលើយុវតីខ្មែរដោយក្រុមទាហានឈុតខ្មៅថៃនេះ ក៏ដូចជាស្ថានភាពជនភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យផងដែរ។ នេះបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួន។
ដោយ ៖ សិលា
