ស្រាយបំភ្លឺប្រវត្តិ «កោដ្ឋ» ខ្មែរ៖ ពីទំនៀមបុរាណ រហូតដល់ព្រះបរមសពព្រះបាទស៊ីសុវត្ថិ នៅសារមន្ទីរជាតិ!

ស្រាយបំភ្លឺប្រវត្តិ «កោដ្ឋ» ខ្មែរ៖ ពីទំនៀមបុរាណ រហូតដល់ព្រះបរមសពព្រះបាទស៊ីសុវត្ថិ នៅសារមន្ទីរជាតិ!

ភ្នំពេញ៖ ទំនៀមទម្លាប់នៃការតម្កល់ព្រះបរមសពក្នុង «កោដ្ឋ» គឺជាប្រពៃណីដ៏សំខាន់មួយរបស់ខ្មែរ ដែលបានបន្តវេនតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ ភស្តុតាងច្បាស់លាស់នៃទំនៀមនេះ អាចមើលឃើញតាមរយៈចម្លាក់ដ៏វិចិត្រនានា នៅលើជញ្ជាំងប្រាសាទបាយ័ន សម័យអង្គរ។ កោដ្ឋ ត្រូវបានគេប្រើប្រាស់សម្រាប់តម្កល់សពបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម រួមមាន ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ព្រះសង្ឃថ្នាក់ខ្ពស់ ឬអ្នកមានបុណ្យស័ក្តិផ្សេងទៀត ដែលទទួលបានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ។

ការរៀបចំតម្កល់ព្រះបរមសពក្នុងព្រះកោដ្ឋ គឺរៀបចំឲ្យព្រះសពគង់ផ្គុំព្រះបាទា ក្នុងលំនាំដូចទារកក្នុងផ្ទៃមាតា ដែលនេះតំណាងឲ្យការកកើតឡើងវិញ និងវដ្តជីវិតដែលមិនចេះចប់។ កោដ្ឋមានច្រើនសណ្ឋាន និងសាងអំពីសម្ភារៈខុសៗគ្នា ដូចជាកោដ្ឋដែលសាងអំពីមាស ប្រាក់ ស្ពាន់ និងខ្លឹមចាន់ជាដើម។ ចំណែកកោដ្ឋខ្លះទៀត គឺសាងអំពីឈើរួចស្រោបដោយលោហៈដ៏មានតម្លៃដូចជាមាស ប្រាក់ ឬស្ពាន់ពីខាងក្រៅ។

ជាក់ស្ដែង កោដ្ឋតម្កល់ព្រះបរមសពព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ដែលបានសោយព្រះទិវង្គតក្នុងព្រះជន្ម ៨៨ ព្រះវស្សា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ១៩២៧ គឺជាឧទាហរណ៍ដ៏សំខាន់មួយ។ កោដ្ឋបុរាណនេះមានកម្ពស់ ២,៨៩ ម៉ែត្រ ផ្នែកខាងក្នុងសាងអំពីឈើ ហើយខាងក្រៅស្រោមដោយប្រាក់បិទភ្ជាប់ដោយទឹបមាស លម្អដោយក្បាច់ភ្ញីយ៉ាងប្រណីតគួរឱ្យគយគន់។

បើតាមឯកសារពីសារមន្ទីរជាតិ កោដ្ឋដ៏មានតម្លៃនេះ ត្រូវបានព្រះរាជទានឱ្យសារមន្ទីរជាតិរក្សាទុកជាបេតិកភណ្ឌជាតិ តាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។

តាមបវេណីខ្មែរ គេមិនបូជាព្រះបរមសព រួមជាមួយកោដ្ឋនោះឡើយ។ តួនាទីរបស់កោដ្ឋគឺសម្រាប់តែតម្កល់ព្រះបរមសពប៉ុណ្ណោះ។ បន្ទាប់ពីពិធីបុណ្យត្រូវបានបញ្ចប់ កោដ្ឋទាំងនោះអាចត្រូវបានរក្សាទុកសម្រាប់តម្កល់ព្រះបរមសពព្រះមហាក្សត្រអង្គក្រោយៗទៀត។

ប៉ុន្តែក៏មានកោដ្ឋខ្លះត្រូវបានរំលាយ ដើម្បីសាងជាព្រះពុទ្ធរូប ឬវត្ថុសក្ការៈផ្សេងៗ ទៅតាមព្រះរាជបណ្តាំ។ ជាក់ស្តែង ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសពព្រះបាទនរោត្តម ត្រូវបានរំលាយគ្រឿងមាសលម្អព្រះកោដ្ឋក្រៅ និងតួព្រះកោដ្ឋក្នុង តាមព្រះរាជបណ្តាំរបស់ព្រះអង្គ ដើម្បីសាងជាព្រះពុទ្ធបដិមាមាសសុទ្ធ ទ្រង់គ្រឿងក្សត្រ ព្រះនាមព្រះជិនរង្សីរាជនិករោត្តម ដែលបច្ចុប្បន្នតម្កល់ទុកយ៉ាងខ្ពង់ខ្ពស់នៅក្នុងព្រះវិហារព្រះកែវមរកត៕

ប្រភព ៖ (ថ្មីថ្មី) ដោយ៖ តុប វណ្ណារ៉ា

administrator

Related Articles