ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសកាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ថា ប្រទេសបារាំងនឹងត្រៀមប្រគល់យន្តហោះចម្បាំងទំនើបម៉ាក Rafale ចំនួន ១០០គ្រឿង ទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ការប្រកាសនេះធ្វើឡើងអំឡុងពេលទស្សនកិច្ចរបស់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅទីក្រុងប៉ារីស ដើម្បីស្វែងរកការពង្រឹងសមត្ថភាពយោធារយៈពេលវែងរបស់ប្រទេសលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សេចក្តីប្រកាសដ៏សំខាន់នេះ កើតឡើងស្របពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីកាន់តែកើនឡើងខ្លាំងលើប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាមួយគ្នានេះ ទីក្រុងម៉ូស្គូក៏បានរាយការណ៍ពីការរីកចម្រើនលើសមរភូមិផ្លូវគោក នៅក្នុងតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា (Zaporizhzhia) ភាគអាគ្នេយ៍ផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតី Elysee រួមជាមួយវត្តមានរបស់លោក ហ្សេលេនស្គី លោក ម៉ាក្រុង ក៏បានប្រកាសបន្ថែមថា ក្រុមហ៊ុនផលិតរថភ្លើងបារាំង Alstom បានចុះកិច្ចសន្យាតម្លៃប្រមាណ ៤៧៥ លានអឺរ៉ូ (ប្រហែល ៥៥១.០៥ លានដុល្លារ) ដើម្បីផ្គត់ផ្គង់ក្បាលរថភ្លើងដល់ប្រតិបត្តិករផ្លូវដែករបស់អ៊ុយក្រែន។
ប្រធានាធិបតីបារាំងរូបនេះក៏បានបញ្ជាក់ថា លោកបានជំរុញឱ្យសហភាពអឺរ៉ុបបន្តផ្តល់ឱ្យអ៊ុយក្រែននូវ «ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង»។ នេះជាសញ្ញាដ៏រឹងមាំនៃការគាំទ្រដល់ទីក្រុងកៀវ និងជាសារមួយផ្ញើទៅកាន់ប្រទេសរុស្ស៊ីថា មិនគួររាប់ថា «អឺរ៉ុបទន់ខ្សោយ» ក្នុងការគាំទ្រអ៊ុយក្រែនឡើយ។
លោក ម៉ាក្រុង ក៏បានបង្ហាញទំនុកចិត្តថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អាចធ្វើឱ្យប្រសើរឡើងនូវកំណត់ត្រាប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន ដោយបន្ថែមថា ផ្លូវទៅកាន់សមាជិកភាពសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ទាមទារឱ្យមានកំណែទម្រង់លើនីតិរដ្ឋនៅក្នុងប្រទេស។ កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី បានអំពាវនាវឱ្យបណ្តេញរដ្ឋមន្ត្រីពីររូបចេញពីគណៈរដ្ឋមន្ត្រី ចំពេលមានការស៊ើបអង្កេតលើគម្រោងអំពើពុករលួយតម្លៃ ១០០ លានដុល្លារ ដែលបានបង្កឱ្យមានការខឹងសម្បារជាថ្មីពីសាធារណជនចំពោះរដ្ឋាភិបាលដែលកំពុងប្រឈមនឹងសត្រូវមហាអំណាចនុយក្លេអ៊ែររុស្ស៊ីនោះ។
